ព័ត៌មានជាតិ

ទូតអូស្ត្រាលី សរសើរ ការទប់ស្កាត់ ជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង នៅភ្នំពេញ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសំដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា បានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះ មិនរីករាលដាលធ្ងន់ធ្ងរ។

នេះជាការកោតសរសើររបស់ លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ខណៈលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

លោកប៉ាប្លូ កាង បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញ កំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះ មានលក្ខណៈធូស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ។

លោកប៉ាប្លូ កាង ក៏បានលើកឡើងបន្តថា សម្រាប់អូស្ត្រាលី និងធ្វើការសិក្សាបន្ថែម ទៅលើទីក្រុងវ័យឆ្លាត សម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីនេះលោកប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរ យ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស របស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលី ទៅលើការសិក្សា ទៅលើការរៀបចំនៅទីក្រុងវៃឆ្លាត អោយរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី ។ រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដាលី ឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលី យើងមានទំនាក់ទំនងការទូត ជាមួយគ្នាជាង៧០ឆ្នាំមកហើយ។

ពាក់ព័ន្ធនិងអ៊ុនតាក់ លោកឃួង ស្រេង បានសម្ដែងនូវការអរគុណ ចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែង ស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយ ក្នុងនោះតួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដ សម្រាប់ប្រទេសកម្ពុជានោះ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top