វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន “បានរៀបចំត្រូវគ្នាយ៉ាងទូលំទូលាយ” លើអ្វីដែលឧបករណ៍យោធា អ៊ុយក្រែន ជឿជាក់ថា ខ្លួនត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី និងអ្វីដែលទីក្រុងវ៉ាស៊ីនតោន អាចផ្តល់ឲ្យបាន ។
លោក Blinken បានប្រាប់ដល់គណៈកម្មាធិការ ទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា លោកបានពិភាក្សាអំពីតម្រូវការទាំងនោះ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅគ្រាដែលអ្នកទាំង២ បានជួបគ្នាក្នុងដំណើររបស់លោក ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ដែលជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់សហរដ្ឋអាមេរិក ចាប់តាំងពីការវាយលុករបស់រុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។
លោក Blinken បានប្រាប់ដល់អង្គសវនាការប្រចាំឆ្នាំស្តីពីថវិកា និងអាទិភាពការទូតរបស់ក្រសួងការបរទេសថា “ខ្ញុំគិតថា ពួកយើងត្រូវបានរៀបចំឲ្យត្រូវគ្នា យ៉ាងទូលំទូលាយនៅក្នុងអ្វីដែលពួកគេនិយាយថា ពួកគេត្រូវការ និងអ្វីដែលយើងគិតថាយើងអាចផ្តល់ឱ្យ” ។
សមាជិកនៃគណៈកម្មាធិកា ទាំងអ្នកសាធារណរដ្ឋ និងសមាជិកបក្សប្រជាធិបតេយ្យ របស់ប្រធានាធិបតី ចូ បៃដិន បានថ្លែងថា ពួកគេមានលក្ខណៈគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ។
លោក Blinken បានថ្លែងថា សព្វាវុធកំពុងទៅដល់អ៊ុយក្រែន ក្នុងល្បឿនលឿនជាងមុន ។ កាលពីមុនលោក Blinken បានលើកឡើងថា វាអាចចំណាយពេលច្រើនសប្តាហ៍។ ឥឡូវនេះគាត់បានលើកឡើងថា វាអាចចំណាយពេល ៧២ម៉ោង រវាងការសម្រេចចិត្តរបស់លោក បៃដិន ក្នុងការបញ្ជូនសម្ភារៈ និងការមកដល់របស់ខ្លួនៅក្នុងដៃ របស់យុទ្ធជនអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា