ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ និងរុស្ស៊ី ព្រមព្រៀងគ្នាជួយសម្រួល ដល់ការជម្លៀស អំឡុងពេលសង្គ្រាមអ៊ុយក្រែន

ម៉ុស្គូ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នា “ជាគោលការណ៍” ស្តីពីការចូលរួមរបស់ អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហមក្នុងការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែក ដែលត្រូវឡោមព័ទ្ធនៅ Mariupol ចំពេលមានសង្រ្គាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

វាជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកអគ្គលេខាធិការទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ លោក ពូទីន បានឲ្យដឹងនាពេលថ្មីៗនេះថា កងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់ទីក្រុង Mariupol យ៉ាងមានប្រសិទ្ធភាព ដែលជាទីក្រុងកំពង់ផែសំខាន់ នៅភាគអាគ្នេយ៍អ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិកបាន សម្តែងការសង្ស័យចំពោះការអះអាងនេះ។

ដោយយល់ស្របលើការជម្លៀស ជនស៊ីវិលដែលបានចូលជ្រក ក្នុងរោងចក្រដែក Azovstal លោក Guterres និងលោក Putin “បានពិភាក្សាអំពីសំណើ សុំជំនួយមនុស្សធម៌ និងការជម្លៀសជនស៊ីវិល ចេញពីតំបន់ជម្លោះ ពោលគឺទាក់ទងនឹងស្ថានភាពនៅ Mariupol” នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយអង្គការសហប្រជាជាតិ។

ទីក្រុង Mariupol ស្ថិតនៅចន្លោះតំបន់ Donbas របស់អ៊ុយក្រែន ដែលមួយផ្នែកត្រូវបានគ្រប់គ្រង ដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងឧបទ្វីបគ្រីមៀ ដែលបញ្ចូលដោយទីក្រុងម៉ូស្គូ ក្នុងឆ្នាំ២០១៤ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ការពិភាក្សានឹងត្រូវធ្វើឡើងរវាង ការិយាល័យមនុស្សធម៌ អង្គការសហប្រជាជាតិ និងក្រសួងការពារជាតិរុស្ស៊ី ស្តីពីការជម្លៀស។

គួរបញ្ជាក់ថា ជនស៊ីវិលប្រហែល ១០០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅក្នុងរោងចក្រនេះ ដែលទាហានរុស្ស៊ីកំពុងបន្ត ប្រឈមមុខនឹងការតស៊ូរបស់អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top