តាកែវ៖ ប្រឡាយរងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានស្ដាររួចរាល់ហើយ ក្រោមថវិកាសាមគ្គីគ្នា របស់អ្នកភូមិ ។
បើតាមប្រជាពលរដ្ឋ ក្នុងភូមិបានឱ្យដឹងថា ការស្ដារប្រឡាយរងជំហានទី១នេះ មានប្រវែង២០០ម៉ែត្រ ដែលមានសមត្ថភាព ផ្គត់ផ្គង់ចរន្តទឹក ដល់ការស្រោចស្រពដំណាំក្នុងភូមិនិយាយជារួម និងនិយាយដោយឡែកជាផ្នែកមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាកសិករ ក្នុងការធ្វើស្រែប្រាំងផងដែរ ។
ដោយឡែកចំពោះ លោក កឹម ពន្លក មេឃុំរវៀង ក្នុងឱកាសចុះពិនិត្យសមិទ្ធផលថ្មី ក្នុងដែនដីរបស់ខ្លួន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានប្រសាសន៍ថា «ពិតជាមានសេចក្ដីកោតស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការកែប្រែមុខមាត់ថ្មី របស់ភូមិព្រៃស្នួល តាមរយៈការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយទឹក និងការបង្កើនថាមពលអគ្គីសនី សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់»។
មិនភ្លេចពីស្មារតីនៃការសាមគ្គីគ្នា របស់ប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួល លោកមេឃុំ បានសម្ដែងការកោតសរសើរ និងអរគុណចំពោះ ទឹកចិត្តដ៏ប្រពៃនេះដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ។
សូមរំលឹកថា អ្នកភូមិព្រៃស្នួល បានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការជួយឧបត្ថមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការស្ថាបនាផ្លូវ បំពាក់ភ្លើងសូឡា បង្កើនថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ និងបង្កើតឱកាសសប្បាយរីករាយជាច្រើន ដែលមិនធ្លាប់មានពីមុនមកសម្រាប់ អ្នកភូមិដាច់ស្រយាលមួយនេះ៕