នយោបាយ

សម្ដេចតេជោ សង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព និងគ្មានអំពើហិង្សា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមទុកជាមុនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព និងសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើស ជាពិសេស គ្មានអំពើហិង្សា ទោះក្នុងរូបភាពណាក៏ដោយ។

ក្នុងពិធីជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាល ចង់បាននោះ គឺសុវត្ថិភាព និងបរិយាកាសនយោបាយ ដ៏ល្អប្រសើរសម្រាប់ដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោត។

សម្ដេចបញ្ជាក់ថា «សង្ឃឹមថា នាពេលខាងមុខនេះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ដោយភាពស្ងប់ស្ងាត នឹងមានសេរីភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើស។ សូមឲ្យការបោះឆ្នោត ក្នុងប្រទេសរបស់យើងដែលនឹងប្រព្រឹត្តទៅខាងមុខនេះ កុំឲ្យមានអំពើហិង្សាណាមួយកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ»។

សម្ដេចបន្ដថា ការប្រកួតប្រជែងការបោះឆ្នោត គឺដំណើរការប្រជាធិបតេយ្យធម្មតា មិនមែនជាការកាប់សម្លាប់គ្នា យកឈ្នះ យកចាញ់ នោះទេ។ សម្ដេចថា មាន១៧គណបក្សនយោបាយ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ ដើម្បីយកសំឡេងឆ្នោតរៀងៗខ្លួន។

សូមរំលឹកថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួម ហើយអ្វីជាការចាប់អារម្មណ៍គណបក្សប្រជាជនកម្ពុជា គឺនៅលេខរៀងទី១ បន្ទាប់មកទៀតគណបក្សភ្លើងទៀនដែលកំពុងទទួលការចាប់អារម្មណ៍ដែរនោះ នៅលេខរៀងទី២ ៕

To Top