នយោបាយ

ក្រសួងយុត្តិធម៌ មិនអាចធ្វើតាមសំណើ របស់តំណាង គណបក្សភ្លើងទៀន

ភ្នំពេញ ៖ ក្រោយបញ្ចប់ជំនួប រវាងតំណាងក្រសួងយុត្តិធម៌ និងតំណាងគណបក្សភ្លើងទៀន អស់រយៈពេលមួយល្ងាច កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រួចមក ខាងក្រសួងអះអាងថា មិនអាចធ្វើអ្វីមួយ តាមសំណើរ របស់គណបក្សភ្លើងទៀន បានទេ ព្រោះស្ថិតនៅក្នុងដែន សមត្ថកិច្ចតុលាការ ។ ក្រសួងយុត្តិធម៌ក៏ បានជំរុញឲ្យគណបក្សភ្លើងទៀន តទល់តាមផ្លូវច្បាប់ ផងដែរ ចំពោះសំណើរ លើសកម្មជនរបស់ខ្លួន។

សំណើរទាំង២ចំណុច ដែលតំណាងគណបក្សភ្លើងទៀន ដឹកនាំដោយលោក សុន ឆ័យ អនុប្រធានគណបក្ស ជួបខាងក្រសួងយុត្តិធម៌ដឹកនាំដោយ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព ជាអ្នកនាំពាក្យក្រសួងនោះ មានដូចជា ៖
១. ស្នើសុំឲ្យមានការទម្លាក់បទចោទ និងការដោះលែងឲ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការ
២. ស្នើសុំឲ្យមានការពន្យានីតិវិធីតុលាការ លើសកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការ របស់តុលាការ ដោយកុំឲ្យមានការកោះហៅ ក្នុងអំឡុងពេលរៀបចំ ការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខ។ នេះបើតាមហ្វេសប៊ុក របស់លោក ជិន ម៉ាលីន ។

ជាការឆ្លើយតប លោកជិន ម៉ាលីន ក្នុងនាមជាតំណាងក្រសួងក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនដោយផ្អែកលើ ទិដ្ឋភាពច្បាប់ចំនួន២ចំណុច ដូចខាងក្រោម៖

ចំពោះសំណើរទី១ គឺថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឲ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ ហើយក្រសួងយុត្តិធម៌ ដែលជាស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។ ក្នុងនោះ តំណាងក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមទៀតថា មានតែការចូលរួមនៅក្នុងដំណើរ ការនីតិវិធីរបស់តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ ក្នុងការការពារខ្លួន ដោយគួរពឹងពាក់មេធាវីក្នុងការជួយ ការពារក្តី នៅក្នុងដំណើរការនីតិវិធី របស់តុលាការ។

ចំពោះសំណើរទី២វិញ គឺក្រសួងយុត្តិធម៌ ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជា ទៅតុលាការនោះទេ។ កន្លងមក ក្រសួងយុត្តិធម៌ ពុំដែលណែនាំឲ្យមានការពន្យារ នីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ ណែនាំឲ្យពន្លឿនដំណើរការ នីតិវិធីសំណុំរឿង ដោយផ្អែកទៅលើផ្លូវច្បាប់ ដូចជាក្នុងយុទ្ធនាការ នៃការដោះស្រាយការកកស្ទះ សំណុំរឿងជាដើម ដើម្បីដោះស្រាយ ការកកស្ទះសំណុំរឿង និងភាពចង្អៀតណែន នៅតាមពន្ធនាគារ។

ប៉ុន្តែទោះបីជាយ៉ាងណា ជាចុងក្រោយតំណាងក្រសួងយុត្តិធម៌ ក៏បានទទួលយកសំណើ របស់តំណាងគណបក្សភ្លើងទៀន ដើម្បីពិនិត្យ និងពិចារណាទៅតាមសមត្ថកិច្ច របស់ក្រសួងដែលច្បាប់អនុញ្ញាត ។
ក្រសួងក៏បានស្នើ តំណាងគណបក្សភ្លើងទៀនវិញ ឲ្យជួយធ្វើការណែនាំ ទៅសកម្មជនរបស់ខ្លួន ក្នុងការគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឲ្យមានការអនុវត្តច្បាប់ ៕

To Top