ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល រួមជាមួយមន្រ្តីបច្ចេកទេស និងតំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. ព្រឹកទី ០៤ ខែឧសភា ឆ្នាំ ២០២២នេះ បានចុះពិនិត្យវឌ្ឍនភាព ការងារអនុវត្តគម្រោង សាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលជាជំនួយ ហិរញ្ញប្បទាន សម្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន ។
គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ជាគម្រោងមួយដែលមានសារៈសំខាន់ ក្នុងការកាត់បន្ថយ គ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយី ដល់រាជធានីភ្នំពេញ និងបណ្តាខេត្ត ដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត ក៏ដូចជាបង្កើន អត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះ និងបង្កើនផលិតកម្មស្បៀង ។ ក្រោយការសាងសង់ គម្រោងនេះ អាចជួយកាត់បន្ថយទឹកជំនន់បានមួយផ្នែកធំ និងអាចការពារទំហំផ្ទៃដីបានចំនួន ២៤៥ គីឡូម៉ែត្រការ៉េ ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា ។
សូមបញ្ជាក់ជូនថា គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្រ្តីក្នុងការរៀបចំផែនការ និងដោយទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដើម្បីឲ្យគម្រោងដ៏មានសារៈសំខាន់នេះដំណើរការទៅបាន ។ គម្រោងខាងលើនេះ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ការងារសម្រេចបានប្រមាណ ៥២ % នែផែនការ លើទំហំការងារ ៖
១- ការងារស្តារស្ទឹង និងពង្រឹងទំនប់សណ្តរ ៖ ស្តារស្ទឹងព្រែកត្នោត ប្រវែង ២៦ គីឡូម៉ែត្រ, ស្តារស្ទឹងតូចប្រវែង ២,៥ គីឡូម៉ែត្រ, ពង្រឹងទំនប់សណ្តរ ការពារទឹកជំនន់សង ខាងស្ទឹងព្រែកត្នោត ប្រវែងត្រូវបុកដែកសន្លឹក (Sheet pile) ខាងឆ្វេងច្រាំងប្រវែង ៨,៨២ គីឡូម៉ែត្រ ខាងស្តាំប្រវែង ៦,៥៥ គីឡូម៉ែត្រ ។ ចំពោះកំណាត់ច្រាំងដែលងាយច្រោះដី នឹងត្រូវការពារដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូម៉ែត្រ និងរៀបជញ្ជាំងការពារប្រវែង ៤១៧ ម៉ែត្រ ។
២- ការងារសាងសង់ និងជួសជុលប្រឡាយ ៖ ប្រឡាយភា្ជប់លេខ ១ ប្រវែង ១៥០ ម៉ែត្រ, ប្រឡាយភា្ជប់លេខ ២ ប្រវែង ០,៩ គីឡូម៉ែត្រ (ចាក់បេតុងត្រង់ ០,៥ គីឡូម៉ែត្រ), ប្រឡាយភា្ជប់លេខ ៣ ប្រវែងស្តារ ៥,៧ គីឡូម៉ែត្រ, ប្រឡាយលេខ ៧៨ ធ្វើការជួសជុល និងចាក់បេតុងប្រវែង ២,៨ គីឡូម៉ែត្រ, ប្រឡាយជីកថ្មី ប្រវែង ៤,៥ គីឡូម៉ែត្រ, ប្រឡាយស្រោចស្រពហនុមាន ប្រវែងជួសជុល ៣,៦ គីឡូម៉ែត្រ (ក្នុងនោះចាក់បេតុង ០១ គីឡូម៉ែត្រ), ព្រែកហូរ ប្រវែងស្តារ និងចាក់បេតុង ៧,២ គីឡូម៉ែត្រ, ព្រែកយាយជា ប្រវែងស្តារ ១,៤ គីឡូម៉ែត្រ និងព្រែកថី ប្រវែងស្តារ និងចាក់បេតុង ៣,៦ គីឡូម៉ែត្រ ។
៣- សាងសង់សំណង់តាមស្ទឹង ឬប្រឡាយ ៖ សំណង់យកទឹក ចំនួន ០១ កន្លែង, សំណង់សម្រួលចរន្តទឹក ចំនួន ០៤ កន្លែង, សំណង់បង្វែរចរន្តទឹក ចំនួន ០៣ កន្លែង, សំណង់ដោះទឹក ចំនួន ០២ កន្លែង និងសំណង់តាមប្រឡាយ ចំនួន ៥៨ កន្លែង ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេចបាន ក្រោមកិច្ចសហការល្អប្រសើរ រវាងក្រុមការងារអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានចូលរួមយ៉ាង សកម្ម ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យ តាមផែនការ ដែលបានគ្រោងទុក និងបានណែនាំបន្ថែម អំពីលក្ខណៈបច្ចេកទេសក្នុង ការអនុវត្តការងារក្នុងនាមជាក្រសួងជំនាញ ដើម្បីធានាគុណភាពសំណង់ខាងលើ ប្រើប្រាស់បានយូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ។ បើទោះបីជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងបរិមាណច្រើនជាច្រើន ថ្ងៃមកហើយ ដែលធ្វើឲ្យវាលស្រែ និងអាងទឹកធំៗភាគច្រើននៅភាគខាងលើ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានទឹកពេញ និងបានបើកទ្វារទឹកបញ្ចេញទឹកក៏ដោយ ចំពោះស្ថានភាពជំនន់ របស់ស្ទឹងព្រែកត្នោតនៅពេលនេះ ពុំមានអ្វីជាការព្រួយបារម្ភនៅឡើយទេ ។
នៅព្រឹកថ្ងៃដដែលនេះ លោករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួង បានបន្តដំណើរចុះពិនិត្យមើលការដ្ឋាន ស្តារប្រឡាយមេក្របៅ ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានធ្វើការស្តារឡើងវិញ ដោយនាយកដ្ឋានធារាសាស្រ្តកសិកម្ម របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មកដល់ពេលនេះការងារ បានសាងសង់រួចជាស្ថាពរហើយ លើទំហំការងារ ៖ ស្តារប្រឡាយមេក្របៅ ប្រវែង ៥.០០០ ម៉ែត្រ, សាងសង់ខ្នងប្រឡាយសងខាងប្រវែង ៥.០០០ ម៉ែត្រ ដោយចាក់ថ្មមិចពីលើ , សាងសង់សំណង់សិល្បការ ចំនួន ០៧ កន្លែង និងធ្វើការជួសជុល និងសាងសង់ ស្ថានីយ៍បូមទឹកថ្មី បន្ថែមសងខាងចំនួន ០២ គ្រឿង ប្រើម៉ូទ័រដើរ ដោយចរន្តអគ្គីសនី មានកម្លាំង 600 សេះ QW3600-8-132KW ។
បន្ទាប់ពីការសាងសង់ហើយ ប្រឡាយមេក្របៅ មានតួនាទីសំខាន់ណាស់ ក្នុងការរំដោះទឹកភ្លៀង និងទឹកប្រើប្រាស់ របស់បងប្អូនប្រជាពលរដ្ឋ មួយផ្នែកចេញ ពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល នៃភូមិសាស្ត្រក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ចូល ទៅក្នុងបឹងរាន តាមរយៈប្រឡាយ ៩៦ និងបន្តតាមរយៈប្រឡាយលេខ ៩៤ រហូតដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ៕