រតនគិរី៖នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់អោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ប្រភេទអាហ្រ្វីដេស ចំនួន១៣អណ្តូង ជូនប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ចំនួន ២៨៧គ្រួសារ (ស្មើនឹងមនុស្ស ១.១១៦នាក់) រស់នៅក្នុងភូមិចំនួន៨ នៃឃុំបាតាង ឃុំល្បាំង១ ឃុំកាឡែង និង ជ័យឧត្តម នៃស្រុកលំផាត់ ខេត្តរតនគិរី ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាតនាយក នាយកដ្ឋានកាកបាទក្រហមកម្ពុជា និងលោកថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីបានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាព របស់លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ ជាពិសេសក្នុងរដូវក្តៅនេះ ត្រូវពិសាទឹកដាំពុះ សម្អាតបរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទាំងទឹកស្អាតនិងទឹកកសិកម្ម ទៅតាមសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ដោយសារតំបន់ខ្លះ អាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សា សមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យបានគង់វង្សយូរអង្វែងតទៅ ។
ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីលោកថង សាវុនបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នេះ ខេត្តរតនគិរីបានទទួលអណ្តូងទឹកស្អាត សរុបចំនួន៥៩ អណ្តូងពីកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ ក្នុងស្រុកគោលដៅចំនួន៣ មានស្រុកកូនមុំ ស្រុកអូរយ៉ាដាវនិងស្រុកលំផាត់ ក្នុង១៦ ឃុំស្មើនឹង៣៣ភូមិ មានប្រជាពលរដ្ឋទទួលផល ចំនួន១.៤៦២ គ្រួសារ ស្មើនឹង៦.៧៣២នាក់ ហើយជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ លោកបានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។
ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាននាំយកអំណោយមនុស្សធម៌របស់សាខា ចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ មកពី៦ភូមិ ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
អំណោយមនុស្សធម៌ផ្តល់ជូន១គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម កញ្ចប់(មី ត្រីខ)១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរនិងអាវយឺត១០។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋតំណាងចំនួន ៥០នាក់ ដែលចូលរួមក្នុងពិធីសម្ពោធអណ្តូងនោះ ក៏ទទួលបានក្នុងម្នាក់ៗ សារុង១និងថវិកាមូយចំនួន។ ដោយឡែកយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ជាអនុស្សាវរីយ៍ ពីកាកបាទក្រហមកម្ពុជាផងដែរ៕