ព័ត៌មានជាតិ

សហជីពការងារមកពីអាមេរិក ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារជាមួយកម្ពុជា ឱ្យបានប្រសើរឡើង

ភ្នំពេញ៖ សហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) បានបង្ហាញឆន្ទៈ បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម ផ្សារភ្ជាប់លក្ខខណ្ឌការងារ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរ រួមទាំងការចូលរួម ដោះស្រាយបញ្ហាវិវាទការងារ ដូចជាការពង្រឹងមន្ត្រីអធិការកិច្ច ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពជាដើម។

ការសម្ដែងការពេញចិត្តនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី ខេតធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិ នៃសហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

នាឱកាសនោះ លោក អ៉ិត សំហេង បានលើកឡើងពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ជួយជ្រោមជ្រែងដល់កម្ពុជា ពីសំណាក់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៧មក។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបន្តថា ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាង សមត្ថភាពរូបវ័ន្ត និងស្ថាប័នក្នុងការបង្កើតសុខដុមរមនា នៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះអនុស្សារណៈ នៃការយោគយល់គ្នា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើត នូវក្របខណ្ឌសហប្រតិបត្តិការ បច្ចេកទេសរវាងក្រសួង និង ACILS ក្នុងគោលដៅចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់សហជីព AFI-CIO តាមរយៈ ACILS ដែលបានចូលរួមលើកកម្ពស់ លក្ខខណ្ឌការងារនៅកម្ពុជា និងជំរុញការអនុវត្តការងាររបស់ ACILS ឱ្យស្របតាមអនុស្សរណៈ នៃការយោគយល់គ្នាខាងលើនេះ។

លោករដ្ឋមន្ត្រីបានជំរុញឱ្យ ACILS អនុវត្តកាតព្វកិច្ចការ ចុះបញ្ជីឱ្យស្របតាមច្បាប់ជាធរមាន ព្រមទាំងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអង្គការ ACILS តាមរយៈ៖

  • ការលើកកម្ពស់សមត្ថភាពសហជីពមូលដ្ឋាន
  • ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម
  • ការពង្រឹងសមត្ថភាព មន្ត្រីផ្សះផ្សាវិវាទការងារ
  • ការលើកកម្ពស់ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កិច្ចសន្ទនាសង្គម
  • ការពង្រឹងនិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
    លោកស្រី ខេតធី ក៏បានបង្ហាញពីការពេញចិត្ត ចំពោះការធ្វើពាណិជ្ជកម្ម ផ្សារភ្ជាប់លក្ខខណ្ឌការងារ ដែលកម្ពុជា បាននិងកំពុងធ្វើជាមួយ សហរដ្ឋអាមេរិក និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្តទៀត ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម ផ្សារភ្ជាប់លក្ខខណ្ឌការងារនេះ កាន់តែមានភាពល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា អង្គការ AFL-CIO ជាសហព័ន្ធសហជីពធំជាងគេ នៅសហរដ្ឋអាមេរិក ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងវ៉ាស៊ីនតោន។ ACILS មានវត្តមានដំបូងនៅកម្ពុជា នាចុងឆ្នាំ១៩៩៣ ក្រោមឈ្មោះថា Asian American Free Labor Institute (AAFLI)៕

To Top