ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងក្រូអាត ជួបពិភាក្សាគ្នា លើកិច្ចសហប្រតិបត្ដិការការពារជាតិ និងថាមពល

គៀវ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបនៅទីក្រុងគៀវ កាលពីថ្ងៃអាទិត្យជាមួយ នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងថាមពល និងសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។

លោក Zelensky បានឲ្យដឹងថា បញ្ហាសន្តិសុខ និងជំហានចាំបាច់ ដើម្បីគាំទ្រអ៊ុយក្រែន គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានថ្លែងអំណរគុណ ដល់ប្រទេសក្រូអាតសម្រាប់ ការគាំទ្រអ៊ុយក្រែន នៅលើផ្លូវរបស់ខ្លួនទៅកាន់ សមាហរណកម្មសហភាពអឺរ៉ុប និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លោក Zelensky ក៏បានជំរុញឲ្យរដ្ឋាភិបាលក្រូអាត ជួយអ៊ុយក្រែន ក្នុងការបោសសម្អាតមីន ដែលបានដាក់ក្នុងពេលមាន ជម្លោះជាមួយរុស្ស៊ី។ សម្រាប់ផ្នែករបស់លោក Plenkovic បានសន្យាថាការគាំទ្ររបស់ក្រូអាស៊ី សម្រាប់អ៊ុយក្រែននឹងបន្ត។

លោក Plenkovic បានលើកឡើងថា “ក្រូអាតបានគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះអ៊ុយក្រែនក្នុងផ្នែកនយោបាយ ការទូតផ្លូវច្បាប់ហិរញ្ញវត្ថុ មនុស្សធម៌ និងបច្ចេកទេស ហើយយើងនឹងបន្តផ្តល់ជំនួយនេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top