ព័ត៌មានជាតិ

សម្តេច ហេង សំរិន៖ ខែវិច្ឆិកា រដ្ឋសភា និងរដ្ឋាភិបាល នឹងធ្វើមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន (Video)

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន ។

ការបញ្ជាក់របស់សម្តេច ហេង សំរិន ខណៈអនុញ្ញាតឲ្យលោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចំាកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ ក្នុងជំនួប សម្តេចបានមានប្រសាសន៍ថា នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន ។ កម្ពុជាជឿជាក់ថា ឡាវនឹងមានវត្តមាននៅក្នុងមហាសន្និបាត និងជំនួបដ៏សំខាន់នោះ។

សម្តេច ហេង សំរិន គូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិ ដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ។

ជាមួយគ្នានេះដែរ សម្តេចថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង ២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ នៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំ ប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា៕

To Top