បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែរៀបគម្រោងផ្អាកជាអចិន្ត្រៃយ៍ នូវកម្មវិធីកូនដ្រូនស៊ីវិលរបស់ខ្លួន ដោយសារតែឧបករណ៍នេះ យ៉ាងហោចណាស់កំពុង ត្រូវបានផលិតមួយផ្នែក នៅក្នុងប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Financial Times នៅថ្ងៃអាទិត្យ។
កាសែត Financial Times បានរាយការណ៍ថា ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក កំពុងតែពិចារណាផ្អាក កូនដ្រូនប្រហែល ១.០០០គ្រឿង ក្រោយសម្រេចចិត្តថា ហានិភ័យពីកូនដ្រូនដែលទីក្រុងប៉េកាំង កំពុងប្រើប្រាស់ សម្រាប់ស៊ើបយកការណ៍ គឺមានកម្រិតខ្ពស់ហួស។
ក្រៅពីនេះ ប្រភពព័ត៌មានក៏បាន និយាយប្រាប់ផងដែរថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក David Bernhardt នៅពេលថ្មីៗនេះ មិនបានចុះហត្ថលេខាលើ គោលនយោបាយផ្លូវការនោះទេ ប៉ុន្តែកំពុងគ្រោងដកកងកូនដ្រូនទាំងនោះ ឲ្យឈប់ធ្វើសកម្មភាព ដោយមានការលើកលែងចំពោះ ភាពអាសន្ននានា ដូចជាភ្លើងឆេះព្រៃនិងការហ្វឹកហាត់ជាដើម ៕
ប្រែសម្រួល៖ ប៉ាង កុង