បរទេស៖ដោយធ្វើការបដិសេធច្រានចោល សម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះ មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពួកលោកនៅតែប្តេជ្ញា គាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើជាមួយប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emanuel Macron នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នាពេលថ្មីៗនេះ បានបង្ហាញនូវការប្តេជ្ញា បន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥នោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៃប្រទេសទាំង៣នេះ បានធ្វើការក្រើនរំឭកថា ការគាំទ្ររបស់ពួកគេ គឺតម្រូវឲ្យប្រទេសអ៊ីរ៉ង់ បោះបង់ចោលបំណងដើរថយក្រោយ ងាកចេញពីដែនកំណត់របស់កិច្ចព្រមព្រៀង ស្តីពីការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម៕ ប្រែសម្រួល៖ប៉ាង កុង