ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅពេលដែលផ្កាយព្រឹករះហើយនោះ គឺច្បាស់ជាផ្កាយចោរបាត់មុខ។ ក្នុងន័យសម្ដេចតេជោ ចង់សំដៅថា រូបសម្ដេចគឺជាផ្កាយព្រឹក ឯលោក សម រង្ស៊ី គឺជា ផ្កាយចោរ។
ការលើកឡើងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ ពីសម្ដេចបានមានវត្តមាន នៅលើទឹកដីសហរដ្ឋអាមរិក តែបែរជាលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងរត់ទៅ ប្រទេសនូវែលសេឡង់។
ថ្លែងនៅក្នុងកម្មពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា យើងនៅឆ្ងាយពីគ្នាជាង១ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែយើងអាចជួបគ្នាបាននៅថ្ងៃនេះ បញ្ហាស្ថិតនៅត្រង់ថា ចង់ជួបគ្នាឬអត់។
សម្ដេចតេជោបន្ថែមថា មានតែភ្នំទេដែលមិនអាចជួបគ្នាបាន ប៉ុន្តែនិយាយពីផ្កាយវិញ គឺមានផ្កាយព្រឹក និងផ្កាយចោរដែលមិនអាចជួបគ្នា នៅគ្រាពេលណាទេ។
សម្ដេចតេជោ បញ្ជាក់ថា «នៅពេលផ្កាយចោរ បង្ហាញខ្លួន ផ្កាយព្រឹកប្រាកដជាមិនទាន់រះ ឯនៅពេលដែលផ្កាយព្រឹករះ ហើយនោះគឺច្បាស់ជាផ្កាយចោរបាត់មុខ »។
សម្ដេចបន្ថែមថា បើទោះបីជាផ្កាយចោរបានប្ដេជ្ញាថា ពេលដែលសម្ដេចមកដល់វ៉ាស៊ិនតោន នឹងឱ្យសម្ដេចធាក់ ពីរបីជើង ក៏រត់បាត់។
សម្ដេចបន្តថា មនុស្សក៏អាចជួបគ្នាបាន និងមិនអាចជួបគ្នាបាន ប្រៀបបានដូចផ្កាយចោរ និងផ្កាយព្រឹក! កាលណាផ្កាយចោររះគឺអត់ឃើញផ្កាយព្រឹកនោះទេ តែបើផ្កាយព្រឹករះផ្កាយចោរវារត់។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា «ឥឡូវនេះផ្កាយព្រឹក កំពុងតែរះ និងបង្ហាញខ្លួននៅទីនេះ ជាមួយនឹងបងប្អូនយើង ធ្វើដំណើរមកពីចំងាយ ដើម្បីធ្វើការជួបជុំ សំណោះសំណាលគ្នានេះ»៕