ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ វិស័យកសិកម្ម ជាចលករជំរុញ បដិវត្តន៍ឧស្សាហកម្ម ព្រមទាំងកាត់បន្ថយ ការចំណាកស្រុក

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា វិស័យកសិកម្ម ជាចលករជំរុញ បដិវត្តន៍ឧស្សាហកម្ម ពិសេសកសិឧស្សាហកម្ម ទាំងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងកាត់បន្ថយចំណាកស្រុក និងបង្កើន ឱកាសសម្រាប់ការនាំចេញ។

ក្នុងពិធីសម្ពោធរោងចក្រ ផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា វិស័យកសិកម្មនៅកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ពិសេសចូលរួមចំណែក ២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

សម្ដេច បន្តថា វិស័យកសិកម្ម កាន់តែដើរ តួនាទីសំខាន់នៅក្នុងបរិបទ នៃការប្រឈមុខនឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួល ជាអវិជ្ជមានមួយចំនួន របស់សាកលោក។

សម្ដេច បញ្ជាក់ថា «វិស័យកសិកម្ម ក៏ជាចលករជំរុញបដិវត្តន៍ ឧស្សាហកម្មពិសេសកសិឧស្សាហកម្មសម្រាប់ ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវពហុប្រយោជន៍ និងគុណតម្លៃជាច្រើន ដូចជាការបន្ថែមតម្លៃ ការបង្កើនគុណភាព និងរយៈពេលនៃការរក្សាទុកផលិតផល ការពង្រីកទីផ្សារកសិផល ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ការបង្កើតការងារក្នុងស្រុក កាត់បន្ថយចំណាកស្រុក និងបង្កើន ឱកាសសម្រាប់ការនាំចេញផលិតផល»។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុន បន្តខិតខំកសាងរោងចក្រផលិត ចំណីអាហារបែបនេះ បន្ថែមទៀត នៅតាមបណ្ដាខេត្ត ដែលមានសក្ដានុពលនៅកម្ពុជា ។ សម្ដេច ក៏បានស្នើឲ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបច្ចេកទេស ដល់មន្រ្តីកសិកម្ម និស្សិត សហគមន៍ និង ប្រជាកសិករអំពីបច្ចេកទេសថ្មីៗ៕

To Top