ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រាយការណ៍ថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង ខណៈ៣៥ម៉ឺនាក់ធ្លាក់ខ្លួនឈឺ

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង របស់ប្រទេសនេះ ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាត ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មនុស្សប្រហែល ១៨៧.៨០០នាក់ នាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានព្យាបាល ដោយដាក់នៅដាច់ ដោយឡែក បន្ទាប់ពីមានអាការៈគ្រុនក្តៅ ហើយប្រភពដើម នៃការឆ្លងមិនស្គាល់អត្តសញ្ញាណបាន “រីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេស” ចាប់តាំងពីចុងខែមេសាមកម្ល៉េះ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា មនុស្សប្រហែល៣៥០.០០០នាក់ បានបង្ហាញពីរោគ សញ្ញាគ្រុនក្តៅនោះ រួមទាំង១៨.០០០ នាក់ដែលបានរាយការណ៍ ពីរោគសញ្ញាបែបនេះកាលពីថ្ងៃអង្គារ តែមួយថ្ងៃប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ ប្រហែល ១៦២.២០០នាក់ ត្រូវបានព្យាបាល ប៉ុន្តែវាមិនបានបញ្ជាក់ ថាតើ មានមនុស្សប៉ុន្មាននាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩នោះទេ ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៦នាក់ ដែលបង្ហាញ រោគសញ្ញាគ្រុនក្តៅ បានស្លាប់ដោយករណីមួយ ក្នុងចំណោមករណីទាំងនោះ ដែលត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសបំប្លែង ខ្លួនប្រភេទ Omicron ។

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅទស្សនាមជ្ឈមណ្ឌល បញ្ជាការប្រឆាំងមេរោគកាលពីថ្ងៃអង្គារ ដើម្បីពិនិត្យមើលស្ថានភាព និងការឆ្លើយតបបន្ទាប់ពីបានប្រកាស “ភាពអាសន្នរដ្ឋធ្ងន់ធ្ងរ” និងបញ្ជាឱ្យបិទប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា “គាត់បានរិះគន់ថា ការរីករាលដាល នៃគ្រុនក្តៅក្នុងពេលដំណាលគ្នា ជាមួយតំបន់រដ្ឋធានីជាមជ្ឈមណ្ឌល ដែលបង្ហាញថា មានចំណុចងាយរងគ្រោះ នៅក្នុងប្រព័ន្ធការពារការរីករាលដាល ដែលយើងបានបង្កើតរួចហើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top