ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានណែនាំនូវគន្លឹះល្អៗជាច្រើន ដល់សមាជិក-សមាជិការបស់ខ្លួន ដើម្បីជួយឱ្យអ្នកប្រកបវិជ្ជាជីវៈ ជាអ្នកលក់ឱសថរួមគ្នា បម្រើផលប្រយោជន៍ជូនប្រជាជន ពិសេសត្រូវមានបដិសណ្ឋារកិច្ចចំពោះប្រជាជន ជៀសវាងការប៉ះពាល់សតិអារម្មណ៍អ្នកជំងឺ។
លោក ឡី សុភាព លើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថនៅតាមឱសថស្ថាន ដែលជាសមាជិក-សមាជិកាសមាគម អ្នកលក់ឱសថកម្ពុជាប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២។
នាឱកាសនោះ លោកប្រធានបានលើកឡើងថា នៅតាមបណ្ដាខេត្តនីមួយៗ បានចាប់ផ្ដើមឃើញពីតម្លៃនៃការអប់រំ លើផ្នែកលក់ឱសថនេះ។ ចំពោះសមាគមអ្នកលក់ឱសថកម្ពុជា គឺតែងផ្ដល់ការបណ្ដុះបណ្ដាល ហើយមានការប្រគល់ជ័យលាភី ជូនសិក្ខាកាមដែលអ្នកលក់ឱសថ ក៏ដូចជាអ្នកបម្រើសេវាសុខភាពទូទៅ ដើម្បីបញ្ជាក់ពីការទទួលបាន ការអប់រំបណ្ដុះបណ្ដាល និងមានចំណេះ ជំនាញត្រឹមត្រូវ។ លោកថា វិញ្ញាបនបត្រទាំងនេះគឺមានតម្លៃស្មើនឹងលិខិតបទដ្ឋានគតិយុត្ត។
លោកបានបន្តថា ការបណ្ដុះបណ្ដាលខាងលើនេះ គឺនឹងផ្ដល់ឱ្យសិក្ខាកាម ដែលជាអ្នកលក់ឱសថបានយល់ពី ផលប៉ះពាល់សុខភាពទាំងខាងក្រៅ និងខាងក្នុងរបស់អ្នកប្រើប្រាស់ ភាពស្របច្បាប់ នៃផលិតផលដែលពួកគេ យកមកលក់ជូនអ្នកប្រើប្រាស់។
លោកបានស្នើដល់ឱសថការី គិលានុបដ្ឋ-គិលានុបដ្ឋយិកា វេជ្ជបណ្ឌិត ឆ្មប ទន្ដពេទ្យ ជំនួយការវេជ្ជបណ្ឌិត អ្នកលក់គ្រឿងសម្អាង អ្នកបម្រើការទូទៅជាដើម ត្រូវតែឆ្លងកាត់ការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកលក់ឱសថ នៅតាមឱសថស្ថាន អ្នកលក់គ្រឿងសម្អាងម្ហូបអាហារនិងភេសជ្ជៈ ត្រូវចូលខ្លួនមកទទួលការបណ្ដុះបណ្ដាល ជាមួយសមាគមសហព័ន្ធអ្នកលក់ឱសថកម្ពុជា ដើម្បីធានាការប្រើប្រាស់ ចែកចាយត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព សុខភាព ឱ្យយល់អំពីច្បាប់នៃការគ្រប់គ្រង។ ត្រូវយល់ដឹងអំពីការថែទាំសុខភាពឱ្យបានល្អ។ ត្រូវតែបម្រើប្រជាជនដោយក្ដីស្រលាញ់ គួរតែគិតអំពីម៉ោងពេលវេលា
លោកបានបន្តស្នើដល់សមាជិក-សមាជិកាត្រូវតែ មានបដិសណ្ឋារកិច្ចចំពោះអ្នកជំងឺ ពីព្រោះអ្នកឈឺមានសតិអារម្មណ៍ ភ័យព្រួយណាស់ទៅហើយ និងត្រូវយកចិត្តទុកដាក់ ចំពោះប្រជាជនពលរដ្ឋ ដែលមកទទួលសេវាសុខភាព។ កិច្ចការទាំងនេះជារឿងចាំបាច់ ក្នុងនាមជាអ្នកបម្រើសេវាសុខភាពជូនប្រជាជន។
លោក ឡី សុភាព បានបន្តអំពាវនាវ ដល់សមាជិក-សមាជិក ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់លើ ការសហការបម្រើប្រជាជន។
លោកបន្តណែនាំទៀតថា ការលក់ដូរឱសថជូនប្រជាជន ត្រូវមានរបៀបរបប ក្រោយពីការទទួលបានវិញ្ញាបនបត្រនេះ។ ត្រូវមានការគ្រប់ហិរញ្ញវត្ថុ ផែនការចំណូល-ចំណាយ ពីព្រោះប្រសិនបើ អ្នកផ្ដល់សេវាមានជីវភាពខ្វះខាត ការផ្ដល់សេវាជូនអ្នកប្រើប្រាស់ក៏ពិបាកដែរ ពោលគឺត្រូវតែមានជីវភាពសមរម្យ។
លោកក៏បានលើកទឹកចិត្តឱ្យសមាជិកសមាគម ពង្រីកលទ្ធភាពនៃការផ្ដល់សេវាជូន ប្រជាជនប្រកបដោយវិជ្ជាជីវៈ និងចេះជួយអ្នកដែលខ្វះខាតពិតប្រាកដ ដើម្បីទទួលបានកិត្តិយស ប្រសើរសម្រាប់ខ្លួន គ្រួសារ សង្គម ក៏ដូចជាសមាគមសហព័ន្ធអ្នកឱសថកម្ពុជា៕