ព័ត៌មានជាតិ

ប្រធានសមាគម​វិនិយោគិនកម្ពុជា ផ្ដាំផ្ញើដល់សមាជិកសមាជិកា ឲ្យផ្ដោតលើការកសាងរចនាសម្ពន្ធ និងអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជនកម្ពុជា បានផ្ដាំផ្ញើសារសំខាន់មួយចំនួន ដល់សមាជិក សមាជិការបស់សមាគម​ ឲ្យផ្ដោតលើការកសាង រចនាសម្ពន្ធសមាគម និងការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងច្បាប់-លិខិតបទដ្ឋានគតិយុត្ត ដើម្បីសម្រេច វឌ្ឍនភាពការងារ-មុខរបរ ពិសេសគឺសំដៅលើកស្ទួយ សេដ្ឋកិច្ចគ្រួសារ-សង្គមជាតិ ឱ្យរីកចម្រើនទៅមុខ។

ការថ្លែងសារណែនាំរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីសំណេះសំណាល​ ជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា យុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ និងប្រកាសទទួលស្គាល់ សមាសភាពសមាគម និងបញ្ចូលសមាជិកសកម្ម សមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា សមាគមសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រនិក សមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស។

លោកបណ្ឌិត ឡី សុភាព បានថ្លែងនូវសារផ្ដាំផ្ញើសំខាន់មួយចំនួនថា “ផ្ដោតលើការកសាង រចនាសម្ពន្ធសមាគម ការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងច្បាប់-លិខិតបទដ្ឋានគតិយុត្ត ការប្រកបការងារ អាជីវកម្ម ឬមុខរបរប្រកបដោយក្ដីសុចរិត ក៏ដូចជាអំពាវនាវឱ្យចូលរួម ថែរក្សាការពារសន្តិភាពជាដើម”។

លោកបានឱ្យដឹងថា ការប្រកបការងារ អាជីវកម្ម ឬកិច្ចការងារផ្សេងៗ ត្រូវមានធាតុ៣សំខាន់ នោះគឺត្រូវមានខ្នងបង្អែក ត្រូវមានដៃគូសហការ និងត្រូវមានអ្នកហែហម។ លោកថា ការមានខ្នងបង្អែកដែលរឹងមាំ គឺជារចនាសម្ពន្ធចាត់តាំង មិនមែនបុគ្គលម្នាក់ៗនោះទេ ដូច្នេះមនុស្សក្នុងរចនាសម្ពន្ធ ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយរួម ចរិតតស៊ូ។ ម្យ៉ាងទៀត អ្នកនៅក្នុងរចនាសម្ពន្ធត្រូវមានវិន័យ របៀបរបប ព្រោះបើធ្វើការមួយគ្មានវិន័យ នឹងធ្វើឱ្យរចនាសម្ពន្ធប្រែប្រួល នោះរចនាសម្ពន្ធ អាចបាត់ភាពរឹងមាំ «ចង់ទាក់ទាញអ្នកដទៃ ឱ្យធ្វើការជាមួយយើង យើងក៏ត្រូវមានវិន័យដែរ»។

លោក ឡី សុភាព បានបន្តទៀតថា ចង់ធ្វើកិច្ចការអ្វីមួយ ត្រូវតែមានការចាត់តាំងតាមតួនាទី និងភារកិច្ច ស្របទៅតាមផែនការយុទ្ធសាស្ត្រ ឬគោលនយោបាយ។​ ម្យ៉ាងទៀតគឺត្រូវប្រកាន់ នូវលក្ខណៈវិទ្យាសាស្ត្រ បានន័យថា ធ្វើអ្វីមួយដែលអាចធ្វើទៅបាន ត្រូវចេះមើលនាយមើលអាយ មើលឆ្វេងស្ដាំ មើលភ្លៀងខ្យល់ដែរ។ ត្រូវបំពេញការងារប្រកបទៅដោយគតិបណ្ឌិត ត្រូវប្រកបដោយវិជ្ជាជីវៈ។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រៅពីមានរចនាសម្ពន្ធរឹងមាំ មានវិន័យ និងមានចំណេះជំនាញហើយនោះ គឺត្រូវចេះកសាងមូលដ្ឋានសេដ្ឋកិច្ច និងនយោបាយ ដើម្បីសម្រេចវឌ្ឍនភាព ក្នុងការប្រកបការងារ និងមុខរបរ សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យរីកចម្រើនទៅមុខ។

លោកប្រធានក៏បានបន្តផ្ដាំផ្ញើ ដល់សមាជិកសមាគមទាំង៥ខាងលើ ឱ្យត្រូវអនុវត្តការងារ និងប្រកបមុខរបរប្រកបដោយក្ដីសុចរិត និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ប្រការ គឺ៖ មេត្តា៖ ការស្រឡាញ់រាប់អានគ្នាដោយសុទ្ធចិត្ត មិនប្រើអំពើហិង្សាដាក់គ្នា ការសណ្ដោសប្រណី។ ករុណា៖ សេចក្ដីអាណិតអាសូរដល់គ្នា ការប្រាថ្នាចង់ឲ្យអ្នកដទៃបានសុខ។ មុទិតា៖ ការមិនច្រណែនឈ្នានីសគ្នា ការត្រេកអរនឹងអ្នកដទៃបានសុខ។ ឧបេក្ខា៖ ការតាំងចិត្តជាកណ្ដាល ប្រកបដោយយុត្តិធម៌ មិនលម្អៀងដោយអគតិ ៤ប្រការ មានឆន្ទាគតិ ទោសាគតិ មោហាគតិ និងភទាគតិ។

ក្រៅពីនេះក៏ត្រូវប្រកាន់នូវធម៌វិជ្ជមាន ឱ្យបានច្រើនក្នុងខ្លួន ពិសេសគឺត្រៃកូដធម៌ទាំង៣៖ សច្ចៈ (សេចក្ដីទៀងត្រង់) ខន្ដី (សេចក្ដីអត់ធ្មត់) កតញ្ញូតា (សេចក្ដីដឹងគុណ) ហើយដាច់ខាត គឺត្រូវវៀសចាសនូវការប្រមាថ ដែលនឹងនាំសេចក្ដីអន្តរាយ មកដល់ខ្លួន និងអ្នកដទៃ។

គួរជម្រាបថា សមាជិក-សមាជិកាយុវជន សេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ ដែលត្រូវបានប្រកាសទទួលស្គាល់ សមាជិកសកម្មសមាគមទាំង៥ ខាងលើនោះមានចំនួន សរុប១៨៤នាក់ ក្រោយបានបញ្ចប់ការបណ្ដុះបណ្ដាល ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងពីសមាគមនីមួយៗផងដែរ៕

To Top