ព័ត៌មានជាតិ

សកម្មជន-យុវជន សេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ រាជធានីភ្នំពេញ ជាង៨ពាន់នាក់ ត្រៀមជួបជាមួយ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត មុនពេលបោះឆ្នោត

ភ្នំពេញ៖ សមាជិក សមាជិកា យុវជន សកម្មជន ផែនសេដ្ឋកិ​ច្ចក្រៅប្រព័ន្ធរាជធានីភ្នំពេញ ប្រមាណជាង១ពាន់នាក់ ដឹកនាំដោយលោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ​រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការ​ គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានជួបសំណេះសំណាល ផ្តល់អនុសាសន៍ ដើម្បីត្រៀមលក្ខណៈ ក្នុងការជួបជុំទ្រង់ទ្រាយធំ ជាមួយបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត នាពេលខាងមុខ ។

ក្នុងពិធីខាងលើនេះ អនុប្រធានគណៈកម្មាធិការ​ គណបក្សរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានលើកឡើងថា “ការចូលរួមរបស់បងប្អូន​ ដែលអញ្ជើញមកក្នុងថ្ងៃនេះ គឺជាការចូលរួមមួយ ផ្តល់នូវសារៈសំខាន់ និងការចំណេញ ពីព្រោះមិនមែនជាការបង្កើនបក្សពួកទេ តែជាការបង្កើនបណ្តាញ ក្នុងការធ្វើទំនាក់ទំនង ហើយទំនាក់ទំនងនេះ វាបង្កើននូវឱកាស​ ដែលអាចចែករំលែកគ្នាទៅវិញទៅមក ។ ក្នុងរបរជំនួញ របរបង្កើតនូវបណ្តាញ បង្កើតទំនាក់ទំនងនេះ គឺជារូបមន្តឈ្នះៗទាំងអស់គ្នា ។ ឲ្យតែអ្នកចេះទាញយកផលចំណេញ ពីបណ្តាញ គាត់អាចមានផលប្រយោជន៍ ។ នៅក្នុងរបរអាជីវកម្មរកស៊ីទទួលទាន គឺមានរូបមន្តឈ្នះៗទាំងអស់គ្នា មិនដូចក្នុងការងារប្រកួតប្រជែង ផ្នែកនយោបាយនោះទេ ។

លោក នួន ផារ័ត្ន បានធ្វើការគូសបញ្ជាក់ថា “ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺជាការត្រៀមខ្លួន ការជួបជុំទ្រង់ទ្រាយធំ របស់សកម្មជន យុវជន នៅក្នុងផែនក្រៅប្រព័ន្ធរបស់យើង ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ​។ ​យើងគ្រោងនឹងរៀបចំ ៧ ទៅ៨ពាន់សកម្មជនយើង ក្នុងជំនួបមួយពេលជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត” ។

លោកបានបញ្ជាក់ទៀតថា ការជួបជុំក្នុងទ្រង់ទ្រាយធំនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញនូវសក្កានុពល និងកម្លាំងស្នូលដ៏ធំរបស់សកម្មជន នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងការត្រៀមខ្លួនយកប្រៀបឈ្នះ ក្នុងការបោះឆ្នោត​ នាពេលខាងមុននេះ​។ ខណៈដែលរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសកម្មជន យុវជនផែនក្រៅប្រពន្ធ ពី៧ទៅ៨ពាន់នាក់ ដែលនេះបង្ហាញឲ្យឃើញ នូវសមត្ថភាពរបស់គណៈបក្សប្រជាជនកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព បានថ្លែងអំណរគុណ​ ចំពោះលោក នួន ផារ័ត្ន ក្នុងនាមជាអនុប្រធានគណៈកម្មាធិការ​ គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ ជាមួយសកម្មជន យុវជនក្រៅប្រព័ន្ធ ទោះបីជាមានកិច្ចការងារ មមាញឹកប៉ុណ្ណាក៏ដោយ ទោះជារវ​ល់យ៉ាងណាក៏ដោយ ក៏​នៅតែគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់ និងកោតសរសើរថ្នាក់ដឹកនាំទាំងអស់ ដែលចូលរួមសហការគ្នា ដើម្បីត្រៀមខ្លួនទាំងអស់គ្នា ដើម្បីធ្វើកិច្ចការងាររួមគ្នា ។

លោកបណ្ឌិត ឡី សុភាព លើកឡើងទៀតថា “ការត្រៀមខ្លួនជួបជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាកិច្ចការងារមួយចាំបាច់​ ដូច្នេះខ្ញុំមានការអរគុណណាស់ ចំពោះគណបក្សរាជធានី ​និងថ្លែងអំណរគុណ ដល់ក្រុមការងារ ដែលបានប្រឹងប្រែង ធ្វើការងារយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយកម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន សម្រាប់ធ្វើការងារទាំងអស់នេះ ។ យើងត្រូវតែសាមគ្គីភាពបន្តទៀត សម្រាប់ជាតិមាតុភូមិ និងគណបក្សរបស់យើង ។

គួរបញ្ជាក់ថា ផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាវិនយោគិន ពាណិជ្ជករ អាជីវករ ផលិតករ ធុរកិច្ចទីផ្សារបណ្តាញ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លី និងសំណង់ អ្នកវាយតម្លៃភ្នាក់អចលនវត្ថុ អ្នកប្រកបផលរបរកសិកម្ម អ្នកប្រកបអាជីវកម្មសេវាដឹកអញ្ជូន អ្នកប្រកបអាជីវកម្មសេវាកម្មធនាគារ និងហិរញ្ញវត្ថុ អ្នកប្រកបអាជីវកម្មសេវាស្នាក់នៅ ភ្នាក់ងារទេសចរណ៍ អ្នកបំរើសេវាកម្ម នៅតាមមណ្ឌលកម្សាន្ត ក្លឹប រង្គសាល ខារ៉ាអូខេ បៀរហ្គាឌិន និងអាហារដ្ឋាន នឹងមានជំនួបទ្រង់ទ្រាយធំ ជាមួយបេក្ខភាពបន្តវេននាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលតាមការគ្រោងទុក នឹងត្រូវធ្វើឡើង នៅក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នាសាលអាគារកោះពេជ្រ ដែលមានការចូលរួមពីសមាជិកសមាជិកា ប្រមាណ៨ពាន់នាក់៕

To Top