ព័ត៌មានអន្តរជាតិ

លោកស្រីទី១ អាមេរិក ជួយសម្របសម្រួល បទឈប់បាញ់នៅ Oleshky ខណៈរុស្ស៊ីវាយប្រហារស្ថានីយ រថភ្លើងនៅអ៊ុយក្រែន

ទីក្រុងកៀវ/មូស្គូ៖ នៅថ្ងៃព្រហស្បតិ៍នេះ ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានកោតសរសើរលោកស្រី Melania Trump ជំទាវទី១ នៃសហរដ្ឋអាមេរិក ដែលបានជួយសម្របសម្រួលបទឈប់បាញ់ជុំវិញទីក្រុង Oleshky របស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី និងកំពុងខ្វះខាតយ៉ាងខ្លាំង។ បទឈប់បាញ់នេះ ធ្វើឡើងស្របពេល ដែលកិច្ចខិតខំប្រឹង ប្រែងនានា ចាប់ផ្តើមដំណើរការ ដើម្បីនាំយកស្បៀងអាហារ ថ្នាំពេទ្យ និងអនុញ្ញាតឱ្យ ប្រជាជនរាប់រយនាក់ អាចជម្លៀសចេញពីតំបន់នោះបាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៦ ។

​យ៉ាងណាមិញ ក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាម ដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ីជិត៥ឆ្នាំមកនេះ ត្រូវបានរលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) មួយ។ យោងតាមមន្ត្រីមូលដ្ឋាន ការវាយប្រហារនេះបានសម្លាប់មនុស្ស ១៣នាក់ ដែលកំពុងកកកុញរង់ចាំជិះរថភ្លើងនៅស្ថានីយធំមួយ ក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន ដែលជាតំបន់មិនមានកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។

ប្រតិបត្តិការនៅ Oleshky មានគោលបំណង ដោះស្រាយវិបត្តិដែលកំពុងកើនឡើងនៅក្នុងទីក្រុង ដែលត្រូវឯកោនៅក្នុង តំបន់សង្គ្រាមតាំងពីឆ្នាំ២០២២មក។ ប៉ុន្តែ ទន្ទឹមនឹងនេះ វាក៏ជាផ្នែកមួយនៃល្បែងការទូត ដែលភាគីទាំងពីរចង់បង្ហាញទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា ពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់លោក បើទោះបីជាភាគីនីមួយៗមានហេតុផលរៀងខ្លួនក៏ដោយ។

​លោកស្រី Yana Lantratova ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បានថ្លែងថាលោកស្រីកំពុងនាំយកអ្នកសារព័ត៌មាន៤រូប មកពីបណ្តាញព័ត៌មានអភិរក្សអាមេរិក Newsmax ចូលទៅកាន់តំបន់នោះ ខណៈដែលលោក Dmytro Lubinets សមភាគីអ៊ុយក្រែន ក៏កំពុងធ្វើដំណើរទៅកាន់ទីក្រុង Oleshky ដូចគ្នា។

​ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានមានប្រសាសន៍ថា ជំនួយសង្គ្រោះនឹងចាប់ផ្តើមទៅដល់ដៃជនស៊ីវិលនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ “ជាមួយការគាំទ្រ ពីលោកស្រីទី១ នៃសហរដ្ឋអាមេរិក”។ ជាការឆ្លើយតប លោក Lubinets បានសម្តែង “ការអរគុណជាពិសេស” ពីទីក្រុងកៀវ ជូនចំពោះបុគ្គលដែលបាន “លះបង់ពេលវេលាផ្ទាល់ខ្លួន និងយកចិត្តទុកដាក់ចំពោះបេសកកម្មមនុស្សធម៌ និងការជួយសង្គ្រោះជនស៊ីវិលនៅ Oleshky”។

​លោក ដូណាល់ ត្រាំ ធ្លាប់បានចាត់ទុកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថាជាឧបសគ្គដល់សន្តិភាព ខណៈលោកតែងសរសើរលោក ពូទីន ដែលកាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ថា រុស្ស៊ីកំពុង “ធ្វើការលើបញ្ហានានាដែលពាក់ព័ន្ធនឹងលទ្ធភាពនៃការដោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិអ៊ុយក្រែន”។

ទោះបីជារុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបានបដិសេធថាមិនបានកំណត់គោលដៅលើជនស៊ីវិលក្តី ប៉ុន្តែការវាយប្រហារលើរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត កំពុងកើតឡើងកាន់តែញឹកញាប់ ខណៈដែលស្តុកគ្រាប់មីស៊ីលការពារអាកាសរបស់អ៊ុយក្រែនកាន់តែថយចុះ។ ទន្ទឹមនឹងនេះ ចំនួនជនស៊ីវិលស្លាប់នៅខាងក្នុងប្រទេសរុស្ស៊ី ក៏មានការកើនឡើងផងដែរ។

ទោះបីជាកិច្ចចរចាសន្តិភាពដែលមានអាមេរិកជាអ្នកសម្របសម្រួល គ្រោងនឹងចាប់ផ្តើមឡើងវិញនៅខែក្រោយ ក្នុងទីក្រុង Abu Dhabi បន្ទាប់ពីជាប់គាំងអស់រយៈពេលយ៉ាងយូរក៏ដោយ ភាគីទាំងពីរនៅតែមានគម្លាតឆ្ងាយពីគ្នាយ៉ាងខ្លាំង ជុំវិញលក្ខខណ្ឌក្នុងការបញ្ចប់សង្គ្រាម។

​ប៉ុន្តែភាគីទាំងពីរ សុទ្ធតែទទួលស្គាល់ពីឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ដែលនៅសល់អំណាច២ឆ្នាំទៀត (ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតសភាអាណត្តិកណ្តាលរបស់អាមេរិកនៅខែក្រោយ) ក្នុងការកែប្រែទិសដៅនៃជម្លោះនេះ។

​រុស្ស៊ីនៅតែសង្ឃឹមថា លោក ត្រាំ អាច ដាក់សម្ពាធលើទីក្រុងកៀវ ឱ្យយល់ព្រមទទួលយកកិច្ចព្រមព្រៀង ដែលបំពេញតាមលក្ខខណ្ឌជាច្រើនរបស់ខ្លួន ដូចជា ការគ្រប់គ្រងទាំងស្រុងរបស់រុស្ស៊ីលើតំបន់ Donbas របស់អ៊ុយក្រែន និងការហាមប្រាមដាច់ខាតមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ជាដើម៕

ប្រែសម្រួល៖ គីរី
]

To Top