ព័ត៌មានជាតិ

លោក ឡី សុភាព ណែនាំសិក្ខាកាមវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ត្រូវយកចំណេះជំនាញ ចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ពិសេសប្រកបមុខរបរ ឱ្យស្របតាមគោលនយោបាយរដ្ឋ

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ​ លើកទី៨ ជូនសិក្ខាកាម១៨៤នាក់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានណែនាំដល់សិក្ខាកាម នៃវិទ្យាស្ថាននេះចូលរួម គោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវយកចំណេះជំនាញរបស់ខ្លួនយកទៅប្រកបការងារ និងមុខរបរ តាមផ្នែកតាមវិស័យរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ ឱ្យរីកចម្រើនឡើង។

នាឱកាសនោះ លោកបណ្ឌិត ឡី សុភាព បានលើកឡើងពីការចូលរួមអនុវត្តគោលនយោបាយ​ ស្ដីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ពិសេសគឺមនុស្ស ដែលជាវិស័យអាទិភាព ហើយសមាគមនិងវិទ្យស្ថានរបស់លោក កំពុងរួមចំណែកអភិវឌ្ឍជាបន្តបន្ទាប់នេះ។

លោក ឡី សុភាព បានលើកឡើងថា សិក្ខាកាមដែលបានទទួលវិញ្ញាបនបត្រនេះ គឺជាកិត្តិយសដ៏ល្អប្រសើរសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ ក្រុមដែលនៅក្នុងវិស័យ និងប្រទេសជាតិផងដែរ ប៉ុន្តែត្រូវយកចំណេះជំនាញរបស់ខ្លួន យកទៅចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ពិសេសគឺចូលរួមអភិវឌ្ឍការងារ និងមុខរបរតាមផ្នែកតាមវិស័យរៀងៗខ្លួន។

លោកបានលើកពាក្យស្លោកថា «ចូលដើម្បីរៀន ចេញដើម្បីបម្រើ» មានន័យថា ប្រសិនបើចូលរៀនហើយ គឺត្រូវរៀនឱ្យចេះ ចេះទាំងទ្រឹស្ដី និងចេះជំនាញដើម្បីត្រៀមយកទៅអនុវត្ត ហើយបើចេញពីសាលាហើយ គឺត្រូវខិតខំប្រកបការងារ ឬប្រកបមុខរបរឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកពង្រីកសេដ្ឋកិច្ចគ្រួសារ និងបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ គោរពតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគឺប្រកាន់នូវការថែរក្សា ការពារសន្តិភាព ព្រោះសន្តិភាពនឹងនាំមកនូវអ្វីៗទាំងអស់ សម្រាប់គ្រប់គ្នា។

លោកបានបន្តថា ទោះបីចេញបម្រើការងារ ប្រកបមុខរបរយ៉ាងណាក៏ដោយ គឺត្រូវរៀនបំប៉នសមត្ថភាពបន្ថែម ដូចទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្ដីពីការរៀនពេញមួយជីវិត ពីព្រោះការរៀនជាប់រហូតនេះ នឹងនាំជាកម្លាំងបញ្ញាស្មារតី ដល់ការរស់នៅរបស់អ្នកគ្រប់គ្នា។

លោកថា «យុវជនសេដ្ឋកិច្ច គឺត្រូវតែធ្វើសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង»។

លោកបានផ្ដាំផ្ញើដល់សិក្ខាកាមត្រូវអនុវត្តការងារ និងប្រកបមុខរបរប្រកបដោយក្ដីសុចរិត និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ប្រការ មេត្តា ករុណា មុទិតា ឧបេក្ខា ផងដែរ ក្រៅពីនេះក៏ត្រូវប្រកាន់​ នូវបុរាណាចាររខ្មែរដែលថា «ដើរឱ្យមាន៣ ស្រដីឱ្យមាន៤» ដើម្បីសម្រេចកិច្ចការទាំងពួង ឲ្យបានល្អប្រសើរ៕

To Top