បរទេស៖ យុវជនស្បែកសអាយុ 18 ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្ស 10 នាក់នៅក្នុងសង្កាត់ដែលមាន ប្រជាជនស្បែកខ្មៅរស់នៅ នៅក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងអ្វីដែលអាជ្ញាធរកំពុងហៅថា ជាការវាយប្រហារដោយប្រកាន់ពូជសាសន៍។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសនោះមានឈ្មោះថា Payton Gendron នៅក្នុងឯកសារតុលាការត្រូវបាន ចាប់ខ្លួនបន្ទាប់ពីការឈរនៅកន្លែងកើតហេតុ នៅ ផ្សារទំនើបមួយនៅក្នុងទីក្រុង Buffalo ។
គាត់បានចាប់ផ្តើមបាញ់ប្រហារ នៅក្នុងចំណតរថយន្តរបស់ហាង មុនពេលចូល និងបន្តការបាញ់ប្រហារ ដោយផ្សាយការវាយប្រហារតាមអ៊ីនធឺណិត ផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានថ្កោលទោសអ្វីដែលលោក បានពណ៌នាថាជាទង្វើគួរឲ្យស្អប់ខ្ពើម។
លោក Stephen Belongia មកពីការិយាល័យទីក្រុង Buffalo របស់ FBI បាននិយាយថា “យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះថា ជាឧក្រិដ្ឋកម្មស្អប់ខ្ពើម និងជាករណីនៃអំពើហឹង្សាប្រកាន់ពូជសាសន៍” ដោយបន្ថែមថាមានភស្តុតាងនៃ “ការរើសអើងជាតិសាសន៍” ។
សារព័ត៌មាន CBS បានរាយការណ៍ថា អ្នកបាញ់ប្រហារបានស្រែក ជេរប្រមាថជាតិសាសន៍ ក្នុងអំឡុងពេលបាញ់ប្រហារ ហើយបានស្នើថា គាត់មានពាក្យរើសអើងជាតិសាសន៍ សរសេរនៅលើអាវុធរបស់គាត់។ ជាក់ស្តែង គាត់ក៏បានបង្ហោះសារលើបណ្តាញអ៊ីនធឺណែត ដែលរួមបញ្ចូលភាសា និងគំនិតប្រកាន់ពូជសាសន៍ ថែមទៀត ៕
ប្រែសម្រួលៈ ណៃ តុលា