ព័ត៌មានជាតិ

ចិនវាយចិន បែកក្បាល ១២ថ្នេរ ត្រូវសមត្ថកិច្ច អាវុធហត្ថខ្មែរ ឃាត់ខ្លួន!

ភ្នំពេញ៖ កម្លាំងមូលដ្ឋាន​អាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលយកដុំថ្ម វាយក្បាលជនជាតិចិន ដូចគ្នា បណ្តាលឱ្យ ជនរងគ្រោះ បែកក្បាលហូរឈាមដេរ ១២ថ្នេរ នៅចំណុចផ្លូវម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ CHENG Jia PENG ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ម៉ៅការឌឺក័រ ស្នាក់នៅ មិនពិតប្រាកដ រីឯ ជនរងគ្រោះ ឈ្មោះ LI DAOZHONG ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅ បុរីពិភពថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានជិះឡានមកជាមួយគ្នា ម៉ាក Leuxs RX300 ពាក់ស្លាកលេខភ្នំពេញ 2P1020 (ជាឡានរបស់ ជនរងគ្រោះ) មកដល់ចំណុចកើតហេតុជនសង្ស័យបានទារបើកប្រាក់ខែមុនតែមិនទាន់បានចូលធ្វើការទេ ហើយក៏ឈ្លោះប្រកែកគ្នា បន្ទាប់មកជន រងគ្រោះបានចុះទៅបន្ទប់ទឹក ពេលជនរងគ្រោះចេញពីបន្ទប់ទឹកវិញ ជនសង្ស័យ ក៏ធ្វើសកម្មភាព វាយជនរងគ្រោះ បណ្តាលអោយ បែកក្បាលហូរឈាម ហើយព្យាយាមរត់គេច តែត្រូវបាន ប្រជាពលរដ្ឋរាយការណ៍ ដល់កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ ចុះធ្វើការឃាត់ខ្លួនបាន ភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ជូនមកការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

To Top