ភ្នំពេញ ៖ នាយកប្រតិបត្តិការអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងជាសំណូមពរថា តុលាការគួរតែអនុញ្ញាតិឲ្យមានការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើមរហូតដល់ចប់សវនាការ សម្រាប់ការប្រកាសបើកសវនាការ ជាសាធារណៈ លើករណីលោកកឹម សុខា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ស្អែកនេះ ។
សម្រាប់ថ្ងៃស្អែកនេះ នឹងមានវត្តមានលោក កឹម សុខា នៅក្នុងរង្វងក្រចកសេះ ក្នុងតុលាការ ។ នេះជារឿងកម្រណាស់ សម្រាប់ការបើកសវនាការ ដែលមាន វត្តមានលោក កឹម សុខា ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិកាលពីចុងឆ្នាំ២០១៧។
លោក ព្រាប កុល លើកឡើងក្នុងហ្វេសប៊ុកមុនមួយថ្ងៃនៃសវនាការ តាមសេចក្តីណែនាំជាផ្លូវការ គឺមានតែមន្ត្រី និងបុគ្គលសំខាន់ៗ ចំនួន៣០នាក់តែប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតិឲ្យចូលទៅអង្គុយស្តាប់នៅក្នុងបន្ទប់សវនាការ ដែលភាគច្រើនជាមន្ត្រីស្ថានទូតអន្តរជាតិ។
លោកថា “ដើម្បីលើកកំពស់តម្លាភាព ទៅលើការកាត់ក្តីមេបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា តុលាការគួរតែអនុញ្ញាតិ ឲ្យមានការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើមរហូតដល់ចប់សវនាការ” ៕