ព័ត៌មានអន្តរជាតិ

Update ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បើកកិច្ចប្រជុំបន្ទាន់ និងដាក់បទបញ្ជាឲ្យប្រើកម្លាំងយោធា រក្សាការផ្គត់ផ្គង់ ថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានដឹកនាំកិច្ចប្រជុំការិយាល័យ នយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យប្រើប្រាស់យោធា ដើម្បីរក្សាស្ថិរភាព ក្នុងការផ្គត់ផ្គង់ថ្នាំ ក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ជាលើកដំបូងរបស់ខ្លួន ។

កូរ៉េខាងជើង បានទទួលស្គាល់ ជាលើកដំបូងកាលពីសប្តាហ៍មុនថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ ដោយអ្នកជំនាញបានលើកឡើង ពីការព្រួយបារម្ភថា វីរុសនេះអាចបំផ្លិចបំផ្លាញ ប្រទេសមួយដែលមានការផ្គត់ផ្គង់ផ្នែក វេជ្ជសាស្រ្តមានកម្រិត និងមិនមានកម្មវិធីវ៉ាក់សាំង គ្រប់គ្រាន់ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំបន្ទាន់ នៃការិយាល័យនយោបាយ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ លោក គីម បានរិះគន់ អំពីអាកប្បកិរិយាការងារ “គ្មានការទទួលខុសត្រូវ” និងការរៀបចំ និងការអនុវត្តសមត្ថភាព របស់គណៈរដ្ឋមន្ត្រី និងផ្នែកសុខភាព សាធារណៈ។

របាយការណ៍បានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាឱ្យចែកចាយ លើការផ្តល់ទុនបំរុងឱសថជាតិរបស់ខ្លួន ប៉ុន្តែលោក គីម បានលើកឡើងថា ថ្នាំដែលទិញដោយរដ្ឋមិន បានទៅដល់ប្រជាជនទាន់ពេលវេលា និងត្រឹមត្រូវតាមឱសថស្ថាននោះទេ ។

លោក គីម បានបញ្ជាឱ្យ “កងកម្លាំង ដ៏មានអំណាច”ដែលជាពេទ្យយោត្រូវដាក់ពង្រាយដើម្បី “ធ្វើឱ្យមានស្ថិរភាពក្នុងការផ្គត់ផ្គង់ ថ្នាំភ្លាមៗនៅក្នុងទីក្រុងព្យុងយ៉ាង” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top