ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខ (ចាប់ពីថ្ងៃ១៨-២៤ ឧសភា) កម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីបង្គួរទៅខ្លាំង ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានស៊ីតុណ្ហភាពអប្បបរិមាពី២៤-២៦អង្សាសេ និងស៊ីតុណ្ហភាពអតិបរិមា ពី៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកំរិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ តែចាប់ពីថ្ងៃ២២-២៤ ខែឧសភាបរិមាណទឹកភ្លៀង នឹងចុះថមថយបន្តិចវិញ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមា ពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅលើផ្ទៃសមុទ្រ ក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕