ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ី នឹងឆ្លើយតបទៅនឹងការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ យោធារបស់ណាតូ ទៅកាន់ហ្វាំងឡង់ និងស៊ុយអែត

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងឆ្លើយតប ប្រសិនបើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីនៃប្រទេស ហ្វាំងឡង់ ឬស៊ុយអែត។

វិមានក្រឹមឡាំងបានដកស្រង់សម្តីប្រធានាធិបតីបានឲ្យដឹង នៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញា សន្តិសុខ សមូហភាព នៅទីក្រុងមូស្គូថា “ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ទៅក្នុងទឹកដីទាំងនេះ ពិតជានឹងបង្កឱ្យ មានការឆ្លើយតបរបស់យើង ដែលនឹងអាស្រ័យលើប្រភេទនៃការគំរាមកំហែងនេះ នឹងបង្កឡើងសម្រាប់យើង” ។

លោកពូទីន បានបន្ថែមថា បញ្ហានៃការពង្រីកណាតូ គឺភាគច្រើនជាសិប្បនិម្មិត ហើយកំពុងត្រូវបានប្រើ ប្រាស់ដោយ សហរដ្ឋអាមេរិក ជាឧបករណ៍គោលនយោបាយការបរទេស។

លោកពូទីនបានលើកឡើងថា “ណាតូ កំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយការ បរទេសដោយប្រទេសមួយ ហើយនេះត្រូវបានធ្វើយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយជំនាញ និងខ្លាំងក្លា” ដោយបានចង្អុលបង្ហាញបន្ថែមទៀតថា ស្ថានភាពនេះមានឥទ្ធិពលអាក្រក់ទៅលើសន្តិសុខអន្តរជាតិ។

គួរបញ្ជាក់ថា ទាំងហ្វាំងឡង់ និងស៊ុយអែត បានប្រកាសការសម្រេចចិត្តដើម្បីដាក់ពាក្យសុំចូលជាសមាជិក NATO ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេស របស់រដ្ឋាភិបាលបានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ ពាក្យសុំចូលជាសមាជិកណាតូរបស់ប្រទេសនេះ។

នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson បានប្រកាសកាលពីថ្ងៃចន្ទផងដែរ ពីការសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ពាក្យសុំចូលជាសមាជិក NATO៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top