វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញនៅថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី នៅគ្រាដែលការយកចិត្តទុកដាក់របស់សេតវិមានងាមកមើលប្រទេសរុស្ស៊ី និងអឺរ៉ុប វិញ ហើយចំពេលមានការភ័យខ្លាចចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលគ្របដណ្តប់លើ ការធ្វើដំណើរនេះ ។
សម្រាប់ដំណើរទស្សនកិច្ចនេះ ត្រូវបានគេចាត់ទុកថា ជាភ័ស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិក កំពុងកសាងលើការផ្លាស់ប្តូរនាពេលថ្មីៗនេះ ដើម្បីពង្រឹងចំណុចស្នូលរយៈពេលជាច្រើនឆ្នាំរបស់ខ្លួនមកកាន់តំបន់អាស៊ី ដែលការកើនឡើងនៃអំណាចពាណិជ្ជកម្ម និងយោធារបស់ប្រទេសចិន កំពុងកាត់បន្ថយការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍ ។
ប៉ុន្តែដោយបញ្ជាក់ពីការទាមទារប្រកួតប្រជែងពីភាគីទាំង២នៃពិភពលោក លោក បៃដិន នឹងជួបនៅសេតវិមានជាមួយមេដឹកនាំនៃប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីអបអរសាទរការដាក់ពាក្យសុំចូលរួមជាមួយអង្គការ NATO នៅមុនពេលគាត់ឡើងយន្តហោះ Air Force One ទៅកាន់ទីក្រុងសេអ៊ូល ។
ថ្នាក់ដឹកនាំមកពីគណបក្សប្រជាធិបតេយ្យកំពុងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង បន្ទាប់មកប្រទេសជប៉ុននៅថ្ងៃអាទិត្យដើម្បីរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃប្រទេសទាំង២ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ Quad ដែលជាក្រុមមានប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ ។
សេតវិមានបានឲ្យដឹងថា នៅក្នុងអំឡុងពេលជើងហោះហើរទី១នេះ លោកនឹងធ្វើទស្សនកិច្ចទៅកាន់ទាហានអាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែនឹងមិនធ្វើដំណើរតាមបែបប្រពៃណីរបស់ប្រធានាធិបតីទៅកាន់ព្រំដែនដ៏រឹងមាំដែលគេស្គាល់ថា ជា តំបន់គ្មានយោធា (DMZ) រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា