ព័ត៌មានជាតិ

អគ្គមេបញ្ជាការការពារជាតិ មីយ៉ាន់ម៉ា ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ជាប្រវត្តិសាស្ត្រដំបូងបង្អស់ ក្នុងទំនាក់ទំនងទូតកម្ពុជា-មីយ៉ាន់ម៉ា

ភ្នំពេញ៖ នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការ របស់នាយឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទទៅកាន់ ទីក្រុងណៃពិដោរនាពេលនេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្រ្តដំបូងបង្អស់ក្នុងទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា រយៈពេល៦៥ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបជាមួយ នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា នៅឯទីក្រុងណៃពិដោរកាលពីថ្ងៃ​ទី១៤ ខែមករា ឆ្នាំ​២០២០ នាយឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទបានមានប្រសាសន៍​ថា ឆ្នាំ​២០២០នេះ គឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា។ ដោយយោងតាមគោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចង់ឱ្យមានការរៀបចំ ប្រារព្ធពិធីរំលឹកខួបលើកទី៦៥នេះ ឱ្យបានពិសេស ហេតុ​ដូច្នេះ​ហើយ ដើម្បីជាសក្ខីភាពក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរនាយឧត្តម​សេនីយ៍​ ក៏បានដឹកនាំប្រតិភូមក ទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា នាពេលនេះ។ 

នាយឧត្តម​សេនីយ៍ វង្ស ពិសេនបានបន្តទៀតថាក្នុងដំណើរទស្សនកិច្ចនេះ​មានគោលបំណង ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ព នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដោយក្នុងនោះ នាយឧត្តម​សេនីយ៍ វង្ស ពិសេន ស្នើឱ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើការផ្លាស់ប្តូរព័ត៌មានការងារសន្តិសុខ ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្តបន្ថែមការបណ្តុះបណ្តាលធនធានមនុស្ស។

ជាកិច្ចឆ្លើយតប នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing បានមានប្រសាសន៍​ថា នេះជាប្រវត្តិសាស្ត្រក្នុងរយៈកាល ៦៥ឆ្នាំនេះ ដែលនេះជាលើកទីមួយ អគ្គមេបញ្ជាការ​នៃ កងយោធពលខេមរភូមិន្ទ មកទស្សនកិច្ច នៅប្រទេសមីយ៉ានម៉ា។ នាយឧត្តម​សេនីយ៍​ផុតលេខ បានឯកភាពនូវអ្វីដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងលើ កិច្ចសហប្រតិបត្តិការ នៃកងទ័ពទាំងពីរ។

ជាមួយគ្នានោះដែរនាយឧត្តម​សេនីយ៍ វង្ស ពិសេន ក៏បានបន្តចូលជួបសម្តែងការគួរសមចំពោះលោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសមីយ៉ាន់ម៉ា។

ជាបឋម នាយឧត្តម​សេនីយ៍ វង្ស ពិសេន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះលោកស្រី អោង សាន ស៊ូជី​។ 

នាយឧត្តម​សេនីយ៍បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមគោលគំនិតរបស់សម្តេចតេជោ ហ៊ុន សែន អំពីខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-មីយ៉ាន់ម៉ា នាយឧត្តម​សេនីយ៍ក៏បាន បង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺទស្សនកិច្ចផ្លូវការ រវាងអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា ដើម្បី​ជាសក្ខីភាព​ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

នាយឧត្តម​សេនីយ៍ វង្ស ពិសេនក៏បានសំណូមពរលោកស្រី អោង សាន ស៊ូជី ក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ឆ្នាំ​២០២០នេះ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចឆ្លើយតប លោកស្រី បានយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

To Top