ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកឱ្យចាក់ វ៉ាក់សាំងកូវីដ-១៩ដូសជំរុញទី៥ ចាប់ពីថ្ងៃទី៩ មិថុនា តទៅ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ ខណៈ ការចាក់វ៉ាក់សាំងមិនត្រឹម តែជួយបង្ការជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែទាំងរួចផុតពីជំងឺរាតត្បាតផ្សេងៗផងដែរ។

តាមរយៈសារសំឡេង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥទ្ធិពលនៃវ៉ាក់សាំង ដែលប្រជាពលរដ្ឋ ទទួលបាននាពេលកន្លងទៅ សរុបប្រមាណជាង ១៥លាននាក់ ក្នុងចំណោមប្រជាពលដ្ឋកម្ពុជាជាង ១៦លាននាក់ ហើយវ៉ាក់សាំងនេះ ក៏បានជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ ផងដែរ។

សម្ដេចតេជោ បន្ដថា គណៈកម្មាធិការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស ក៏បានលើកជាផែនការ ចាក់វ៉ាក់សាំងចំពោះប្រជាពលរដ្ឋចាក់វ៉ាក់សាំង ដូសទី៤ រួចហើយ ក្នុងនោះ រួមមាន៖ មន្ដ្រីការទូត អ្នកសារព័ត៌មាន សិល្បករ ខណៈអ្នកចាក់ដូសទី៤រួចរាល់ហើយមានជាង កន្លះលាននាក់ ។

សម្ដេចតេជោ បញ្ជា់កថា «ខ្ញុំ បានសម្រេចតាមរយៈសំណើរ របស់លោកជំទាវ ឱន វណ្ណឌីន ប្រធានគណៈកម្មាធិការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស គឺដូសជំរុញ ដូសទី៥ នឹងត្រូវចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ តទៅ។ គឺសម្រាប់អ្នកចាក់ដូសទី៤ រួចហើយ ត្រូវមានគម្លាតពីដូសទី៤ មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន ៣ខែ»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដថែរក្សាស្ថានភាព ល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការការពារខ្លួន ជាមួយនឹងការទទួលយកវ៉ាក់សាំង ហើយត្រូវចាក់វ៉ាក់សាំងតាមការកំណត់ របស់ក្រុមគ្រូពេទ្យ៕

To Top