ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃដំបូង បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំង ១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត។
គ.ជ.ប បន្ដថា គណបក្សនយោបាយទាំងនោះ បានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការជួបជុំ ការហែក្បួន ឃោសនា ការប្រគុំតន្ត្រី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។
គួរកត់សម្គាល់ថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន៤ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួន ២ បានហែរក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤០.០០០នាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ ១.៥០០នាក់ រីឯគណបក្សចំនួន ២ ទៀត គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពហែរក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។
គ.ជ.ប បានបញ្ជាក់ថា «ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមលំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ»។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី រួមនិងសេចក្តីណែនាំរបស់ គ.ជ.ប៕