ព័ត៌មានអន្តរជាតិ

ចិន បង្ហាញនាវាទំនើបផ្ទុកយន្តហោះ គ្មានមនុស្សបើក ស្វ័យភាពដំបូងគេ របស់ពិភពលោក

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ចិនបានរាយការណ៍ថា ប្រទេសចិនបានបង្ហាញ នូវនាវាដឹកយន្តហោះគ្មានមនុស្សបើកស្វ័យភាពដំបូងគេរបស់ពិភពលោក ដែលអាចប្រើបានទាំងការស្រាវជ្រាវដែនសមុទ្រ និងគោលបំណងសន្តិសុខ ដោយផ្ទុកយន្តហោះគ្មានមនុស្សបើក បានជាច្រើនគ្រឿង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត South China Morning Post នាវានេះមានប្រវែង ៨៨ ម៉ែត្រដែលមានឈ្មោះថា Zhu Hai Yun ។ របាយការណ៍បាននិយាយថា នាវានេះអាចគ្រប់គ្រងពីចម្ងាយ ឬរុករកដោយស្វ័យភាព នៅក្នុងលំហរទឹក ដោយបន្ថែមថា វានឹងរួមចំណែកយ៉ាងច្រើន ដល់ការស្រាវជ្រាវ និងការសង្កេតវិទ្យាសាស្ត្រសមុទ្រ។ នាវា Zhu Hai Yun អាចត្រូវបានគេដាក់ពង្រាយ សម្រាប់ការការពារគ្រោះមហន្តរាយនៅសមុទ្រ។ នេះបើតាមរបាយការណ៍របស់ Science and Technology របស់ប្រទេសចិន។

ក្រៅពីការប្រើប្រាស់សម្រាប់ការងារស៊ីវិលទាំងនេះ នាវានេះក៏អាចត្រូវបានគេរាយការណ៍ថា ត្រូវបានដាក់ពង្រាយដើម្បីស្ទាក់ចាប់ “គោលដៅឈ្លានពាន” ផងដែរ។

នាវា Zhu Hai Yun ដែលក្រៅពីសម្រាប់ដឹកយន្តហោះ គ្មានមនុស្សបើកជាច្រើនហើយ ផ្ទុកកប៉ាល់គ្មានមនុស្សបើក និងនាវាមុជទឹក វាក៏អាចប្រើប្រាស់សម្រាប់ការរុករក ដោយគ្មានអន្តរាគមន៍ពីមនុស្ស ដោយសារប្រព័ន្ធវ័យឆ្លាតសិប្បនិមិត្ត នៅលើនាវា។ ដោយហៅថា ប្រព័ន្ធ Intelligent Mobile Ocean Stereo Observing System (IMOSOS), វាត្រូវបានបង្កើតឡើងដោយ មន្ទីរពិសោធន៍វិទ្យាសាស្ត្រសមុទ្រខាងត្បូង និងវិស្វកម្មក្វាងទុង ក្នុងប្រទេសចិន៕

To Top