គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានកាលពីថ្ងៃសៅរ៍ថា មានតែរបកគំហើញខាងការទូតប៉ុណ្ណោះ ជាជាងការទទួលជ័យជម្នះ ដោយប្រើប្រាស់យោធាទាំងស្រុង ដែលអាចបញ្ចប់សង្គ្រាមរបស់រុស្ស៊ី លើប្រទេសរបស់គាត់បាន ខណៈដែលក្រុងម៉ូស្គូបានកាត់បន្ថយ ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ។
លោក Zelenskyy បានថ្លែងថា “មានរឿងជាច្រើនដែលអាច ឈានដល់តុចរចាគ្នា” ដូចដែលរុស្ស៊ី បានអះអាងថា កាំជ្រួចរយៈចម្ងាយឆ្ងាយរបស់ខ្លួន បានបំផ្លាញការដឹកជញ្ជូនសព្វាវុធ របស់លោកខាងលិចដែលកំណត់គោលដៅ សម្រាប់កងទ័ពអ៊ុយក្រែន ។
លោក Zelenskyy ក៏បានអំពាវនាវឱ្យមាន ជំនួយផ្នែកយោធាបន្ថែមទៀត សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានចុះហត្ថលេខាជាផ្លូវការ លើកញ្ចប់ជំនួយចំនួន ៤០ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែង សង្គ្រាមអ៊ុយក្រែនក៏ដោយ ។
ហើយមេដឹកនាំអ៊ុយក្រែន បានទទូចថា ប្រទេសដែលបំផ្លិចបំផ្លាញ ដោយសង្រ្គាមរបស់គាត់គួរតែ ជាបេក្ខជនពេញលេញដើម្បីចូលរួម ជាមួយសហភាពអឺរ៉ុបដោយបដិសេធ ការលើកឡើងពីប្រធានាធិបតីបារាំងលោក Emmanuel Macron និងមេដឹកនាំសហភាពអឺរ៉ុប មួយចំនួនទៀតដែលថា សហគមន៍នយោបាយដែលពាក់ព័ន្ធ ត្រូវបានបង្កើតជាតំបន់រង់ចាំសមាជិកភាព ។
លោក Zelenskyy បានថ្លែងនៅក្នុងអំឡុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ លោក Antonio Costa ថា “យើងមិនត្រូវការការ សម្របសម្រួលបែបនេះទេ” ។
លោកបានព្រមានថា “ដោយហេតុថា ជឿខ្ញុំ វានឹងមិនមានការសម្របសម្រួល ជាមួយអ៊ុយក្រែននៅអឺរ៉ុបនោះទេ វានឹងជាការសម្របសម្រួល មួយផ្សេងទៀតរវាងអឺរ៉ុប និងរុស្ស៊ី ។ ខ្ញុំប្រាកដក្នុងចិត្តថា” គាត់ព្រមានយ៉ាងដូច្នេះ ។
បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា អស់រយៈពេលជាង ១២សប្តាហ៍ កងកម្លាំងអ៊ុយក្រែនបានបញ្ឈប់ ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដណ្តើមយកទីក្រុង គៀវ និងភាគខាងជើងនៃទីក្រុង Kharkiv ប៉ុន្តែស្ថិតនៅក្រោមសម្ពាធជាថ្មី និងខ្លាំងនៅក្នុងតំបន់ Donbas ភាគខាងកើតទៅវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា