បរទេស៖ លោក Gregory Meeks សមាជិកសភានិងជាប្រធាន គណកម្មការកិច្ចការងារការបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកគឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការផ្គត់ផ្គង់អាវុធ មួយចំនួនទៅឲ្យប្រទេស Moldova ហើយរៀបចំបញ្ហាបច្ចុប្បន្ន ដើម្បីយកទៅពិភាក្សាជាមួយ នឹងរដ្ឋាភិបាលនៃប្រទេសមួយនេះផងដែរ។
សេចក្តីថ្លែងការណ៍ដែលបាន ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯសន្និសិទកាសែតមួយក្នុងទីក្រុង Chisinau ដែលជាទីក្រុងលោកសមាជិកសភារូបនេះ អញ្ជើញមកដល់ដើម្បីបំពេញទស្សនកិច្ច ជាមួយនឹងក្រុមគណប្រតិភូអាមេរិកផ្សេងទៀត និងដើម្បីពិភាក្សាគ្នាជាមួយ នឹងក្រុមមន្ត្រីរបស់ប្រទេស Moldova ។
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ក្នុងទីក្រុងញូវយ៉ករូបនេះបានបន្តទៀតថា៖ ការងាររសប់ខ្ញុំគឺជាកិច្ចការងារ ដើម្បីពិភាក្សាគ្នាជាមួយនឹងរដ្ឋាភិបាល Moldova ហើយធ្វើយ៉ាងណាឲ្យមាន ភាពច្បាស់លាស់ថា អាមេរិកទទួលបាននូវអ្វីដែលយើងចង់បាន មុនពេលសម្រេចចិត្តបញ្ជូនអាវុធ ជាជំនួយនោះមក។
កាលពីថ្ងៃសុក្រផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោកស្រី Liz Truss ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងឡុងក៏កំពុងពិភាក្សា ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីពិនិត្យមើលស្ថានភាពរបស់ ប្រទេស Moldova និងដើម្បីអាចបំពាក់ការការពារ ក្នុងប្រទេសនេះឲ្យមានកម្រិតស្មើនឹង ស្តង់ដារបស់ណាតូផងពីព្រោះបារម្ភថា ប្រទេសដ៏តូចមួយនេះនឹងអាចក្លាយទៅជា ជនរងគ្រោះដោយសារមហិច្ឆិតារបស់ ប្រធានាធិបតីរុស្សីលោក Vladimir Putin ជាមិនខាននាពេលខាងមុខ ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									