ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ថ្លែងសុន្ទរកថា ក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្ដីពី «អនាគត របស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញ នូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោក ដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និង តាមប្រព័ន្ធអនឡាញផង នៅថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
នៅក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូ សម្តេចតេជោ នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ លើបរិយាកាសសន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដ នយោបាយ រវាងមហាអំណាច និងសារសំខាន់ នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ ។
សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការ ប្រែប្រួល អាកាសធាតុ និងអំពើភេរវកម្មឆ្លងដែន និង តួនាទីរបស់អាស៊ាន រួមទាំងកម្ពុជា ក្នុងការកសាងអនាគត ដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និង ពិភពលោក។
ការអញ្ជើញចូលរួម តាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោ ក្នុងសន្និសីទអន្តរជាតិនេះ នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការដើរតួនាទី ដ៏សកម្មនៅក្នុងការកសាងអនាគត ប្រកបដោយនិរន្តរភាពមួយ សម្រាប់អាស៊ី និងពិភពលោក ជាពិសេសនៅក្នុង បុព្វហេតុស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕