ព័ត៌មានអន្តរជាតិ

ស៊ីរី ថ្កោលទោសផែនការ តំបន់សុវត្ថិភាព របស់តួកគីថា ជាការឈ្លានពាន

ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃពុធបានថ្កោលទោស ផែនការតួកគី ដើម្បីបង្កើតតំបន់សុវត្ថិភាព នៅភាគខាងជើងប្រទេសស៊ីរីថា ជា “ទង្វើឈ្លានពាន និងអាណានិគម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ភាគីតួកគីមានគោលបំណងបង្កើត “ចំណុចក្តៅផ្ទុះ” នៅខាងក្នុងប្រទេសស៊ីរី ហើយបន្ត “ប្រដាប់អាវុធ និងប្រតិបត្តិការក្រុមភេរវករ ដើម្បីប្រើពួកវាប្រឆាំងនឹងប្រជាជនស៊ីរី” នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ SANA ។

ប្រភពបានចង្អុលបង្ហាញថា ការអនុវត្តរបស់កងកម្លាំងតួកគី នៅលើដីស៊ីរីគឺ “ខុសច្បាប់ និងទុកជាមោឃៈ” ដោយបន្ថែមថា ទង្វើបែបនេះ គឺ “ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម” ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលើកឡើងថា ប្រទេសរបស់លោកគ្រោង នឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយ នៅក្នុងប្រទេសស៊ីរី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីភ្ជាប់តំបន់ពីរ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់តួកគី នៅក្នុងតំបន់ភាគខាងជើង ក្បែរព្រំដែនតួកគី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top