បរទេស ៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ឲ្យដឹងថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេត ស្តីពីករណី ដែលបុគ្គលិកទ័ព អាកាសអាមេរិក ពីររូបស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ស្នាក់នៅ របស់ពួកគេ ក្នុងមូលដ្ឋានទ័ព Spangdahlem នៅប្រទេសអាល្លឺម៉ង់ ។
លោករវសេនីយ៍ឯក David Epperson តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា “វាជារឿងដ៏លំបាកខ្លាំងណាស់ ដែលបាត់បង់សមាជិកដ៏មានតម្លៃនៃក្រុមរបស់យើង” ដោយលោកចាត់ទុកការស្លាប់នេះ គឺជាសោកនាដកម្មមួយ ហើយនៅពេលភ្លាមៗនេះ មូលហេតុនៃការស្លាប់បុគ្គលិក ទ័ពអាកាសទាំងពីររូបនោះ មិនទាន់ត្រូវបានគេរាយការណ៍នោះទេ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Spangdahlem គឺមានទីតាំងស្ថិតនៅចម្ងាយប្រហែល៨០ម៉ាយ ខាងលិចទីក្រុង Frankfurt និងចម្ងាយ៥០ម៉ាយនៅខាងត្បូងទីក្រុង Cologne នៅក្នុងប្រទេសអាល្លឺម៉ង់ ភាគខាងលិច ជិតព្រំដែនជាប់ប៊ែលហ្ស៊ិក និងលុចសំបួរ ៕
ប្រែសម្រួល៖ប៉ាង កុង