ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោក Macron និងអធិការបតីអាល្លឺម៉ង់ ជុំវិញស្ថានភាពសន្តិសុខនៅអ៊ុយក្រែន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងសន្តិសុខស្បៀងពិភពលោក ។

វិមានក្រឹមឡាំងបានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក ពូទីន បានជូនដំណឹងដល់លោក Macron និង លោក Scholz ពីការវិវឌ្ឍន៍ចុងក្រោយបំផុត នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី គោរពយ៉ាងតឹងរឹងនូវបទដ្ឋាន នៃច្បាប់មនុស្សធម៌អន្តរជាតិ ។

ចំពោះកិច្ចចរចាសន្តិភាពរវាងអ្នកចរចារុស្ស៊ី និងអ៊ុយក្រែនវិញ លោក ពូទីន បានបញ្ជាក់ថា ភាគីរុស្ស៊ី បើកចំហដើម្បីបន្តកិច្ចសន្ទនា ដែលជាប់គាំងឡើងវិញ ។

មេដឹកនាំរុស្ស៊ី បានរិះគន់ការផ្គត់ផ្គង់សព្វាវុធរបស់ លោកខាងលិចដល់ប្រទេសអ៊ុយក្រែន ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអស្ថិរភាព និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ ។

នៅពេលពិភាក្សាអំពីបញ្ហាធានា សន្តិសុខស្បៀងពិភពលោក លោក ពូទីន បានលើកឡើងថា ការលំបាកក្នុងការផ្គត់ផ្គង់ស្បៀង គឺបណ្តាលមកពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលខុសឆ្គងរបស់ ប្រទេសលោកខាងលិច ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹង រុស្ស៊ីរបស់ពួកគេ ។

លោកបានថ្លែងថា ប្រទេសរុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីជួយស្វែងរក ជម្រើសសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ដែលគ្មានការរារាំង រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិ អ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top