បរទេស៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe អាចជួបមុខគ្នាជាលើកដំបូងនៅខែក្រោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដងថា ជាមួយនឹងភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលកំពុងបន្តកើនឡើងលើបញ្ហាកោះតៃវ៉ាន់ មន្ត្រីនៃប្រទេសទាំងពីរបាននិងកំពុងធ្វើការដើម្បីរៀបចំ កិច្ចប្រជុំនៃប្រមុខការពារជាតិ របស់ពួកគេ , នេះបើតាមអ្នកដែលដឹងពីបញ្ហានេះ បានប្រាប់អ្នកសារព័ត៌មាន។
យោងតាមប្រភពរបស់ WSJ គឺថា កិច្ចប្រជុំកម្រិតខ្ពស់អាចប្រព្រឹត្តទៅនៅក្នុងសន្និសិទការពារជាតិ Shangri-La Dialogue ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១០ និង១២ ខែមិថុនាឆ្នាំនេះ។
លោក Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបញ្ជាក់ពីការ ចូលរួមរបស់គាត់រួចហើយ នៅក្នុងព្រឹត្តិការណ៍នេះ ចំណែកលោក Wei រដ្ឋមន្រ្តីការពារជាតិចិន នៅមិនទាន់បានប្រកាសបែបនេះ នៅឡើយទេ ប៉ុន្តែអ្នកដែលបាននិយាយជាមួយសារព័ត៌មាន WSJ ទទូចថា លោកមានបំណងធ្វើដំណើរ ទៅប្រទេសសិង្ហបុរី ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា