ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បញ្ជាក់ថា ខ្លួននឹងជួបពិភាក្សា បន្ថែមទៀតជុំវិញ ការធ្វើពាណិជ្ជកម្ម ជាមួយនឹងសហរដ្ឋអាមេរិក

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា លោក John Deng ប្រធានអ្នកចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ នឹងជួបពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិកស្តីពីពាណិជ្ជកម្មទ្វេភាគីនៅថ្ងៃពុធនេះ រដ្ឋាភិបាលកោះនេះបានលើកឡើងថា បន្ទាប់ពីត្រូវបានដកចេញពីផែនការសេដ្ឋកិច្ចថ្មីដ៏សំខាន់របស់សហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ។

លោក Deng បានជំរុញយ៉ាងខ្លាំងឱ្យកោះតៃវ៉ាន់ ត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅថា IPEF ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ច និងយោធារបស់ក្រុងប៉េកាំងនៅក្នុងតំបន់ ។

ទោះបីជាយ៉ាងណាក៏ដោយ កោះតៃវ៉ាន់មិនត្រូវបានរាប់បញ្ចូលនោះទេ នៅគ្រាដែលសហរដ្ឋអាមេរិក បានប្រកាសព័ត៌មានលម្អិតនៃការបង្កើតរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយក្រុងតៃប៉ិបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តនេះ ។

អ្នកនាំពាក្យខុទ្ទកាល័យកោះតៃវ៉ាន់ លោក Lo Ping-cheng បានប្រាប់ដល់អ្នកយកព័ត៌មានថា លោក Deng នឹងធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណេតជាមួយលោកស្រី Sarah Bianchi ដែលជាតំណាងម្នាក់ក្នុងចំណោមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai លើបញ្ហាពាណិជ្ជកម្មកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា ប្រទេសចិន មិនមែនជាសមាជិកនៃក្រុមនេះទេ ដែលស្ថាបនិកដំបូងរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ជប៉ុន ណូវែលសេឡង់ សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top