បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក ប្រទេសជប៉ុនកំពុងតែធ្វើដំណើរឆ្ពោះទៅរកការដាក់បម្រាម លើការនាំចូលកូនដ្រូនចិន។
កាសែតជប៉ុន Asahi Shimbun បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ កំពុងតែធ្វើដំណើរ ឆ្ពោះទៅរកការគាំទ្រ ចំពោះការអភិវឌ្ឍកូនដ្រូន នៅក្នុងចំណោមក្រុមហ៊ុនក្នុងប្រទេស ស្របពេលជាមួយការដកក្រុមហ៊ុនផលិតកូនដ្រូនចិន ចេញពីទីផ្សារជប៉ុន។
តាមសេចក្តីរាយការណ៍ពី កាសែតជប៉ុនដដែលនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ដាក់សេចក្តីព្រាងច្បាប់ថ្មីនោះ ទៅឲ្យរដ្ឋសភានៅថ្ងៃចន្ទ ពាក់ព័ន្ធនឹងគោលស្តីពីកូនដ្រូនថ្មី ហើយក្តីព្រួយបារម្ភពីសន្តិសុខជាតិនេះ ត្រូវបានគេលើកឡើងថា ជាមូលហេតុ សម្រាប់ផែនការរបស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ ប៉ាង កុង