ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកសត្វកន្ធាយ ក្បាលកង្កែប ឬល្មិច ចំនួន១៣សំបុក ស្មើនឹង៤៤៤ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចាប់តាំងពីដើមរដូវពងកូន ក្នុងចន្លោះ ពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ២០២០ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា «កន្ធាយក្បាលកង្កែបឬល្មិច (ឬឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានកត់ត្រា ក្នុងបញ្ជីក្រហមរបស់ IUCN ថា ជាប្រភេទកំពុងទទួលរងការ គំរាមកំហែងជាសកល»។
កន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយនៅតាមដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ ២០០៧ វត្តមានកន្ធាយប្រភេទនេះ ត្រូវបានរកឃើញសាជាថ្មី នៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨ គីឡូម៉ែត ចន្លោះពីខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមរំលឹកថា កម្មវិធីការពារសំបុកអណ្តើក ត្រូវបានអនុវត្តដោយអង្គការ WCS សហការជាមួយសហគមន៍នេសាទនានា ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill Philanthropies), ឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore) និង Turtle Survival Alliance៕ដោយ ៖ អេង ប៊ូឆេង