ភ្នំពេញ៖ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៦ មករានេះថា ជនជាតិកូរ៉េ២ នាក់ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុករ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ ម៉ែត្រ×២០០ ម៉ែត្រ ក្នុងនោះជនជាតិកូរ៉េម្នាក់ បានស្រវ៉ាឡើងលើគោកវិញ ចំណែកម្នាក់ទៀត បានលិចបាត់ជាមួយម៉ូតូ ត្រូវបានកម្លាំងជំនាញ រកឃើញវិញហើយនៅព្រឹកនេះ ។
លោកស្នងការខេត្តសៀមរាប បន្តថា ជនរងគ្រោះលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ឈ្មោះ Jang Seongsu ត្រូវបានកម្លាំងជំនាញអន្តរាគមន៍ យកសម្នាញ់អួន អូសនឹងរកឃើញសពវិញហើយ នៅព្រឹកថ្ងៃទី១៦នេះ ។
លោកបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវលំដីស ស្ថិតនៅ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
លោកបានបន្តទៀតថា នៅថ្ងៃកើតហេតុ ជនរងគ្រោះទី១-ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046(ស្លាប់)
ទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើកដើរលេងកំសាន្ត នៅក្នុងក្រុងសៀមរាប ពេលដែលភ្ញៀវទាំងពីរនាក់ ជិះមកដល់ចំណុចខាងលើ ក៏បានធ្នាក់ជង្ហុក រ៉េចង្កូតទៅបុកនិងបង្គោលថ្មធ្នាក់ចូលរណ្តៅដី (មានទឹកពេញ)ដែលមានជម្រៅ ២៥ ម៉េត្រ ដែលត្រូវគេដឹងថា ជីកយកអាចម៍ដីលក់ដោយ អេស្កាវ៉ាទ័រ មានទំហំ100×200ម៉ែត្រ ៕