កម្សាន្ត

នាវាបរទេសមួយគ្រឿង នាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជិត ៣ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចណ៍បរទេស មួយគ្រឿងមានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ចូលចតនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។ នេះបើយោងតាម AKP ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY មានបណ្តោយប្រវែង ២៧២.១៥ម៉ែត្រ ទទឹង ៣៥.៥០ម៉ែត្រ ជម្រៅទឹក ៨.ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ មកពីប្រទេសសិង្ហបុរី ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុនៅវេលាម៉ោង ៧ និង៦នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នាវានេះមានគម្រោងចាកចេញ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃនៅវេលាម៉ោង ១៦រសៀលថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា COSTA FORTUNA មានចំនួនសរុប ២.៦៦២នាក់ស្រី ១.៤៦៨នាក់ មាន ៦២សញ្ជាតិ និងមាននាវិកសរុបចំនួន ៩៨០នាក់ ស្រី ១៧៩នាក់ មាន ៤០សញ្ជាតិ ។

ភ្ញៀវទេសចរបានធ្វើដំណើរទស្សនា លេងកម្សាន្តជាមួយសិស្សានុសិស្ស ក្នុងក្រុងព្រះសីហនុ តំបន់រមណីយដ្ឋានក្នុងក្រុងព្រះសីហនុ តំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តាមតំបន់ឆ្នេរ និងទៅទន្សនាតំបន់ រមណីយដ្ឋាននៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

To Top