យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារដោយ មីស៊ីលចេញពីតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានកំណត់គោលដៅលើទីតាំងយោធាភាគខាងត្បូង នៃរដ្ឋធានីដាម៉ាស់ កាលពីយប់ថ្ងៃចន្ទ។
ប្រភពបានបន្ថែមថា កាំជ្រួចភាគច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ហើយការវាយប្រហារនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ខាងក្រុមប្រឆាំង ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅតំបន់ Kisweh ភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ជាកន្លែងដែលក្រុមជីវពលស៊ីអ៊ីត គាំទ្រអ៊ីរ៉ង់ស្ថិតនៅទីនោះ។
អ្នកឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបន្ថែមថា ការការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ដោយជោគជ័យនូវកាំជ្រួចភាគច្រើន ប៉ុន្តែបានខកខានចំនួនពីរគ្រាប់ ដែលបានវាយប្រហារចំទីតាំងមូលដ្ឋាន៕
ប្រែសម្រួល ឈូក បូរ៉ា