ភ្នំពេញ ៖ លោក YAMAMOTO Kozo សមាជិកសភា តំណាងរាស្ត្រជប៉ុន បានស្នើឲ្យភាគីកម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀង ស្តីពី «ការជៀសវាង ការយកពន្ធត្រួតគ្នា» ឲ្យបានឆាប់រហ័សបំផុត ដើម្បីផ្ដល់ភាពងាយស្រួយ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក YAMAMOTO Kozo បានថ្លែងថា «ស្នើឲ្យភាគីទាំងពីរ កម្ពុជា និងជប៉ុន ចុះកិច្ចព្រមព្រៀង ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ឲ្យបានឆាប់»។
បន្ថែមពីនេះ តំណាងរាស្ត្រជប៉ុន បានទទួលស្គាល់កម្ពុជាថា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏មានការលូតលាស់ គួរឲ្យកត់សម្គាល់ផងដែរ។
ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង ស្តីពី «ការជៀសវាងការយកពន្ធត្រួតគ្នា» ជាមួយជប៉ុន លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យក្រុមការងារបច្ចេកទេស ពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តចរចាជាមួយគ្នាបន្ថែមទៀត ដើម្បីរកឲ្យឃើញនូវដំណោះស្រាយរួម សម្រាប់ឈាន់ទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ។
នៅចំពោះមុខ សមាជិកសភា តំណាងរាស្ត្រជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ច បានបញ្ជាល់ថា លំហូរវិនិយោគផ្ទាល់ពីជប៉ុន ក៏មានសន្ទុះកើនឡើង ដែលបានជួយបង្កើតការងារ ផ្ទេរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាផងដែរ៕ ដោយ ៖ អេង ប៊ូឆេង