ព័ត៌មានជាតិ

សមាជិកសភាជប៉ុន មកសិក្សាសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងប្រព័ន្ធទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO)សមាជិកសភាជប៉ុន បានមកធ្វើដំណើរមកកម្ពុជា ដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេង ព្រមទាំងពិនិត្យ បញ្ហាប្រព័ន្ធទឹកស្អាតនៅកម្ពុជា ។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោកយ៉ាម៉ាម៉ូតុ កូហ្សូ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកយ៉ាម៉ាម៉ូតុ កូហ្សូ បានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជាមានគោលដៅ២ គឺទី១-ដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង (Blockchain) នៅកម្ពុជា ត្រូវ លោកបានគូសបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយ ដែលដាក់ចេញឲ្យប្រើប្រាស់ ប្រព័ន្ធឌីជីថលទំនើបមួយនេះ។

សម្រាប់គោលដៅទី២វិញ លោកថា មកធ្វើការសិក្សា អំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអនុសាសន៍ពីសម្ដេចតេជោ ចំពោះបញ្ហាទាំងពីរខាងលើ។

ជាការឆ្លើយតបសម្ដេចតេជោ បានលើកទឹកចិត្តឲ្យសមាជិកសភាជប៉ុនេះ មកធ្វើការសិក្សា ទៅលើការប្រើប្រាស់ ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេងដើម្បីឲ្យការទូទាត់ តាមប្រព័ន្ធឌីជីថល មានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។

ពាក់ព័ន្ធជាមួយបញ្ហាទឹកស្អាត សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាត្រូវការពង្រីកស្ថានីយទឹកស្អាត ឲ្យបានច្រើនថែមទៀត ដោយសាររាជធានីភ្នំពេញ កាន់តែរីកធំឡើងជាលំដាប់ ពី៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង ៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែង មានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។

សម្តេចបន្តថា រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹក ទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារទាំងពីរ ដែលត្រូវធ្វើនោះគឺ ត្រូវពង្រីកនូវសមត្ថភាព ការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់ កាន់តែទូលំទូលាយ និងធ្វើយ៉ាងណា ពង្រីកបណ្ដាញចែកចាយ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕

To Top