ព័ត៌មានជាតិ

ក្រសួង៖ ពលរដ្ឋខ្មែរ មិនទាន់ឆ្លងជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មី ខណៈប្រទេសក្បែរខាង មានអ្នកឆ្លង៤៣នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ៗថា នៅកម្ពុជាមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ បានឆ្លងនូវជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនៅទេ ខណៈប្រទេសជិតខាង មានអ្នកឆ្លង៤៣នាក់។ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុក របស់នាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងCDC។

លោក លី សុវណ្ណ បានថ្លែងបន្តថា បច្ចុប្បន្នជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មី បានកើតឡើងសរុប ចំនួនករណី៤៣ ក្នុងនោះចិន ៤១ករណី ថៃ ១ករណី និងជប៉ុន១ករណី ដែលទើបរកឃើញនៅថ្ងៃ១៦ មករានេះ ។ ជាមួយគ្នានោះមានស្លាប់ម្នាក់នៅចិន ។ ប៉ុន្តែសម្រាប់កម្ពុជាវិញ ពុំទាន់រកឃើញទេ។

លោកបានរៀបរាប់ទៀតថា ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី រកឃើញដំបូងនៅថ្ងៃ ៧ មករានាពេលថ្មីៗនេះ ។ ដោយគ្មានរកឃើញ ឆ្លងមនុស្សទៅមនុស្សទេ ភាគច្រើនចម្លងមកពីសត្វ។ ជំងឺនេះភាគច្រើនរកឃើញ ចម្លងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

មេរោគបង្កឡើងដោយ កូរ៉ូណាវីរុស ប្រភេទថ្មី (កូរ៉ូណាវិរុសចាស់រួមមាន ៖ ១.កូរ៉ូណាវីរុសបង្កជំងឺសារ ក្នុងឆ្នាំ២០០៣ ឆ្លងពីសត្វសំប៉ូចប្រផេះ) , ២. កូរ៉ូណាវីរុសបង្កជំងឺ MERS នៅមជ្ឈឹមូព៌ា នៅក្នុងឆ្នាំ ២០០៨ ឆ្លងពីសត្វអូដ៏) ។

ចំពោះរោគសញ្ញារួមមាន ៖ គ្រុនក្តៅលើសពី៣៨អង្សាសេ ក្អក ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហើម ។ បើមានរោគសញ្ញាដូចនេះ ត្រូវរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត និងប្រាប់គ្រូពេទ្យអំពីប្រវត្តន៍ នៃការធ្វើដំណើរ។ កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅទីក្រុងដូចខាងលើ ។ ឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល ។ ហូបសាច់ និងពងសត្វដែលចម្អិនឆ្អិនល្អ និងចំណុចមួយចំនួនទៀត៕

To Top