ព័ត៌មានអន្តរជាតិ

អាមេរិក ពិចារណាបញ្ចប់ពន្ធមួយចំនួន ប្រឆាំងនឹងប្រទេសចិន ដើម្បីដោះស្រាយនឹងអតិផរណា

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកលោកស្រី Gina Raimondo នាពេលថ្មីៗនេះថា រដ្ឋបាលលោក បៃដិន កំពុងពិចារណាបញ្ចប់ការ យកពន្ធពីសម័យលោក ត្រាំ មួយចំនួនលើទំនិញរបស់ចិន ក្នុងការប៉ុនប៉ងគ្រប់គ្រង អតិផរណាក្នុងស្រុក។

កាសែតចិន Lianhe Zaobao បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានស្នើឱ្យលោកស្រី Raimondo និងមន្ត្រីរដ្ឋបាលផ្សេងទៀត វិភាគផែនការដែលអាចធ្វើទៅបាន សម្រាប់ការដកពន្ធមួយចំនួនរបស់រដ្ឋបាលលោក ត្រាំ លើការនាំចូលពីប្រទេសចិន។

លោកស្រី Raimondo បានលើកឡើងថា រដ្ឋបាលបច្ចុប្បន្នបានសម្រេចចិត្ត រក្សាពន្ធលើដែកថែប និងអាលុយមីញ៉ូម ដើម្បីការពារឧស្សាហកម្មដែកក្នុងស្រុក ប៉ុន្តែលោកស្រីបានបន្ថែមថា វាអាចសមហេតុផលក្នុងការដកពន្ធ លើផលិតផលដូចជាទំនិញប្រើប្រាស់ក្នុងផ្ទះ និងកង់ជាដើម។

ខណៈដែលជនជាតិអាមេរិក កំពុងទទួលរងពីការកើនឡើង តម្លៃទំនិញប្រើប្រាស់ លោក បៃដិន បានឲ្យដឹងនៅមុននេះថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណា គឺជាអាទិភាពសេដ្ឋកិច្ចកំពូល របស់លោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top