ព័ត៌មានជាតិ

ភរិយា អតីត នាយករដ្ឋមន្រ្តីជប៉ុន សរសើរកម្ពុជា ទទួលសន្តិភាព យ៉ាងពិតប្រាកដ

ភ្នំពេញ ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកស្រី OBUCHI Chizuko ដែលជាភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន បានកោតសរសើរពីកម្ពុជាថា ពិតជាបានទទួលនូវសុខសន្តិភាព យ៉ាងប្រាកដមែន ។

លោកស្រីបន្តថា លើសពីនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជា មានទឹកមុខស្រស់ស្រាយ និងរស់រវើក ។ ជាមួយគ្នានេះផងដែរ លោកស្រីមានប្រសាសន៍បន្តថា នេះជាជោគជ័យដ៏ពិតប្រាកដ របស់កម្ពុជា ។ បន្ទាប់មក លោកស្រីជូនពរ ឲ្យចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន កាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ។

លោកស្រី OBUCHI Chizuko បានជម្រាបសម្តេចថា ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកធ្វើទស្សនកិច្ច នៅកម្ពុជាក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមីមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន ។ លោកស្រីបង្ហាញចំណាប់អារម្មណ៍ថា លោកស្រីមានការចងចាំយ៉ាងរស់រវើក ក្នុងដំណើរទស្សនកិច្ចរបស់ ខ្លួនទៅកាន់មជ្ឈមណ្ឌលស៊ីម៉ាក់ កាលពី២០ឆ្នាំមុន ជាមួយស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏បានទៅធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។

ចំពោះសម្ដេចតេជោ ហ៊ុន សែន វិញ បានមានប្រសាសន៍អំពីអតីតកាល ដែលលោក Obuchi មកធ្វើទស្សនកិច្ចនៅកម្ពុជា ។ ពេលនោះមានតែលោក Obuchi និងលោកស្រីទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ច ទៅមើលសកម្មភាពដោះមីន នៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែលោក Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជា។

លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរ គឺលោក Keizō Obuchi និងរដ្ឋាភិបាល ព្រមទាំងពលរដ្ឋជប៉ុនបានជួយកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះ ដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ ។ លើសពីនេះទៀតសម្ដេចតេជោ បានបញ្ជាក់ថា លោក Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើដំណើរមកកាន់កម្ពុជា ៕

To Top